ចំណេះដឹងទូទៅ, ជីវប្រវត្តិ, ទីប្រឹក្សាសៀវភៅ, អត្ថបទខ្លីៗ, អ្នកដឹកនាំ

កំណើត ហ៊ីត្លែរ

ម៉ោង៦កន្លះល្ងាច ថ្ងៃទី២០ មេសា ១៨៨៩ នៅទីក្រុង Braunau Am Inn ភាគខាងជើងប្រទេសអូទ្រីស ជាប់ព្រំប្រទល់រដ្ឋ បារ៉ារៀ (Bavaria) ប្រទេសអាល្លឺម៉ង់ ស្រ្តីឈ្មោះ ខ្លារ៉ា បានផ្តល់កំណើតកូនប្រុសគួរអោយស្រលាញ់ម្នាក់ ដោយលោក អាឡយស៍ ហ៊ីត្លែរ បានដាក់ឈ្មោះកូនទី៤របស់គាត់ថា អាឌុល ។អាឡយស៍ ជាជនជាតិអូទ្រីស គាត់ជាកូនឥតខាន់ស្លារបស់ ម៉ារៀ អេនណា ស៊ីកគ្រូបឺ កើតមកដោយមិនដឹងថាអ្នកណាជាឪពុក អាចជាកម្មករម្នាក់នៅក្នុងរោងម៉ាស៊ីនកិនស្រូវនៅម្តុំផ្ទះ ឬអាចជាអ្នកប្រុសត្រកូលស្តុកស្តម្ភជនជាតិជ្វីហ្វដែលនាងធ្លាប់បម្រើក៏មិនដឹង។

​​     ពេលអាយុបាន៥ឆ្នាំ ម្តាយរបស់អាឡយស៍ បានរៀបការជាមួយ ចច ហៃល័រ ក្រោយមកប្រាំឆ្នាំទៀត ម្តាយរបស់ អាឡយស៍បានធ្លាក់ខ្លួនឈឺធ្ងន់ហើយស្លាប់បាត់បង់ជីវិត មិនយូរប៉ុន្មានទៀតស្វាមីនាងក៏ស្លាប់ទៅម្នាក់ទៀត ទើប អាឡយស៍ រស់នៅជាមួយអ៊ំប្រុស រហូតអាយុបាន១៣ឆ្នាំ ទើបចេញធ្វើការនៅទីក្រុងវៀនណា។ចាប់ផ្តើមពីការងារធ្វើជាងស្បែកជើង ក្រោយមកមានឪកាសធ្វើជាស្មៀននៅនាយកដ្ឋានពន្ធដា ហើយដោយភាពឧស្សាហ៍ព្យាយាម គាត់ក៏រីកចម្រើនក្នុងអាជីពការងារ ។

ការដែលមិនដឹងថាអ្នកណាជាឪពុក គាត់ក៏នៅប្រើត្រកូល ស៊ីកគ្រូប៊ី តាមម្តាយ រហូតអ៊ំប្រុសសុំអោយគាត់ធ្វើជាអ្នកស្នងត្រកូល ហៃល័រ តែមិនដឹងហេតុអ្វីបានជាមន្ត្រីអត្រានុកុលដ្ឋានសរសេរត្រកូលគាត់ខុស ដោយទៅជា ហ៊ីត្លែរ ទៅវិញ ។

ដូច្នេះ ក្នុងឆ្នាំ ១៨៧៦ អាឡយស៍ ស៊ីកគ្រូប៊ឺ ក៏បានទទួលការប្តូរឈ្មោះតាមអត្រានុកុលដ្ឋានថាជា អាឡយស៍ ហ៊ីត្លែរ ។

ឈ្មោះអ្នកណាថាមិនសំខាន់ សាកគិតទៅមើលថា ថ្ងៃដែលប្រជាជនអាល្លឺម៉ង់ស្រែកគាំទ្រមេដឹកនាំផ្តាច់ការពួកគេថា “ជយោ! ស៊ីកគ្រូប៊ឺ” ជំនួសការដែលស្រែកថា ” ជយោ! ហ៊ីត្លែរ ” តើឈ្មោះណាទំនងជាង ?

ឆ្នាំ១៨៨៥ ក្រោយពីបរាជ័យក្នុងជីវិតគូពីរលើកជាប់គ្នា បុរសពោះម៉ាយកូនពីរ អាឡយស៍ ហ៊ីត្លែរ បានរៀបការជាមួយ ខ្លារ៉ា ផូលសល បើរាប់ញាតិ នាងត្រូវជាក្មួយស្រី ។ ពេលរៀបការនោះ ខ្លារ៉ា មានទម្ងន់ទៅហើយ រីឯ អាឡយស៍ ដែលមានអាយុ២៣ឆ្នាំវិញ បានដើរដឹកដៃកូនពីរនាក់ចូលរួមអាពាហ៍ពិពាហ៍ ។

ការរៀបការជាមួយកម្លោះពោះម៉ាយជារឿងធំ ដែលចាំបាច់ត្រូវទទួលការអនុញ្ញាតពីព្រះវិហារកាតូលិកជាមុនសិនទើបរៀបការបាន ។

ប៉ុន្មានឆ្នាំក្រោយមក ខ្លារ៉ា ក៏ផ្តល់កំណើតកូនបីនាក់ ប្រុសពីរស្រីមួយ អ្នកទាំងបីស្លាប់ទាំងពីនៅជាទារក មានតែ អាឌុល ហ៊ីត្លែរ ម្នាក់ទេដែលមានសុខភាពរឹងមាំ ។ ពេលនោះ អាឡយស៍ អាយុ៥២ឆ្នាំ តែគាត់ក៏នៅតែមានកម្លាំងមាំមួន អាចធ្វើអោយ ខ្លារ៉ា មានកូនពីរនាក់ទៀត ប្រុសមួយស្រីមួយ ឈ្មោះ អេតម៉ាន់ និង ផូលឡា។

ការមានកូនមួយឆ្នាំមួយជាប់ៗគ្នាប្រាំមួយឆ្នាំ និងការធ្វើការធ្ងន់ ធ្វើអោយសុខភាពរបស់ ខ្លារ៉ា ទ្រុឌទ្រោមយ៉ាងឆាប់រហ័ស នាងមើលទៅចាស់ជាងអាយុ តែទោះជាការងារធ្ងន់ប៉ុនណា មើលទៅនាងហាក់ដូចជាស្រលាញ់ និងយកចិត្តទុកដាក់លើ អាឌុល ច្រើនជាងប្អូនៗ ចំណែកកូនៗពីរនាក់ទៀតដែលជាកូនចុង នាងទុកតួនាទីអោយស្វាមីនាងមើលថែ។

អាឡយស៍ ជូនៀ កូនប្រុសច្បង ជារបស់ថែមពីការរៀបការប្រពន្ធមុន ក្នុងនាមជាកូនច្បងទើបត្រូវ អាឡយស៍ ដែលជាឪពុកស្តីថាជាប្រចាំ និងត្រូវវាយច្រើនជាងកូនផ្សេងៗ ទីបំផុត ពេលអាយុបាន១៤ឆ្នាំ អាឡយស៍ ជូនៀ បានសម្រេចចិត្តរត់ចេញពីផ្ទះ ហើយមិនបានជួបមុខឪពុកបង្កើតទៀតឡើយ ។

ក្រៅពីការងារប្រចាំនៅនាយកដ្ឋានពន្ធដា អាឡយស៍ ក៏បានបង្កើតកសិដ្ឋានតូចៗ គាត់ព្យាយាមចិញ្ចឹមឃ្មុំជាការងារបន្ទាប់បន្សំ ប្រុងនឹងធ្វើជាអាជីពតែមិនបានសម្រេច ។

ឆ្នាំ ១៨៩៨ អាឡយស៍ នាំគ្រួសារទៅរស់នៅទីក្រុង Leonding ជាក្រុងតូចមួយជាប់ព្រំដែន Linz ដែលធំជាងនិងរីកចម្រើនជាង ។

កំឡុងពេលនោះ អាឌុល ហ៊ីត្លែរ ត្រូវប្រឈមនឹងអារម្មណ៍ឆេវឆាវរួមជាមួយច្បាប់តឹងតែងរបស់ឪពុក ដែលគិតតែបង្ខំអោយកូនខំរៀនដើម្បីធ្វើជាបុគ្គលិករដ្ឋដូចជាខ្លួន ដែលចាប់ផ្តើមពីតំណែងស្មៀនរហូតក្លាយជាប្រធានផ្នែក។ គាត់តែងនាំ អាឌុល ទៅលេងកន្លែងធ្វើការ ព្រមទាំងនិយាយសរសើរកូនយ៉ាងមានមោទនភាព ខណៈដែលកូនប្រុសលាក់ភាពធុញទ្រាន់មិនអោយឪពុកឃើញ ។

អាឌុល ហ៊ីត្លែរ មិនដែលចង់ដើរតាមគន្លងរបស់ឪពុកនោះទេ ដំបូងគេគិតស្រម៉ៃចង់ធ្វើជាអាចារ្យក្នុងព្រះវិហារ រ៉ូម៉ាន់កាតូលិក ដោយគាត់ចូលរួមក្នុងក្រុមចម្រៀងរបស់ព្រះវិហារ លួចសរសើរលោកអាចារ្យដែលតែងប្រើអំណាចដាច់ខាតក្នុងការគ្រប់គ្រងការងារ ជាពិសេសទៅទៀតនោះ គាត់ដក់អារម្មណ៍ជាប់នឹងរូបភាពឡូហ្គូណាស៊ី ដែលឆ្លាក់នៅលើថ្ម និងលើឈើក្នុងព្រះវិហារ ។

អាឌុល ហ៊ីត្លែរ ជាមនុស្សចូលចិត្តអានសៀវភៅ គាត់យកសៀវភៅប្រវត្តិសាស្ត្រសង្គ្រាម ដែលឪពុករក្សាទុកមកអានសារចុះសារឡើង រហូតចាំច្បាស់ក្នុងចិត្ត គាត់ថែមទាំងចូលចិត្តអានរឿងនិទានខាវប៊យប្រភេទសង្គ្រាមវាយយកដែនដីភាគខាងលិច ដេញបាញ់ឥណ្ឌាក្រហម។

នៅផ្ទះនោះ អាឌុល ហ៊ីត្លែរ ចូលចិត្តយកផ្ទាំងក្រណាត់ពណ៌ខ្មៅមកគ្របហើយស្រមៃថា ខ្លួនឯងជាលោកអាចារ្យ ព្រមទាំងចូលចិត្តទេសន៍អោយប្អូនៗស្តាប់ ពេលខ្លះគាត់ក៏ដើរតួធ្វើជាព្រះយេស៊ូ ធ្វើកាយវិការឆ្កាងដៃ មិនយូរប៉ុន្មានក៏ធុញគាត់ប្រាប់មិត្តភក្តិថា ព្រះយេស៊ូទន់ខ្សោយពេកហើយ ។

បើថ្ងៃណាមិនបានសម្តែងជាលោកអាចារ្យ អាឌុល នឹងស្រមៃថាខ្លួនឯងជាខាវប៊យដេញបាញ់ពួកឥណ្ឌាក្រហម ។

នៅសាលារៀន ដោយសារតែគាត់មិនចង់រៀនតាមតែឪពុកធ្វើការនោះ ហ៊ីត្លែរ ចាប់ផ្តើមគេចសាលា ឬធ្វើខ្លួនជាក្មេងទំនើង រំខានគ្រូបង្រៀន រហូតអ្នកគ្រប់គ្រងសាលាទ្រាំលែងបានក៏ដេញគាត់ចេញពីសាលា។ គាត់បានសារភាពនៅពេលក្រោយថា ដែលធ្វើបែបនោះព្រោះមិនចង់បញ្ចប់អាជីពត្រឹមស្មៀនក្នុងនាយកដ្ឋានពន្ធដាដូចឪពុក ។

មិត្តភក្តីក្នុងជំនាន់ អាឌុល ហ៊ីត្លែរ បាននិយាយថា “គាត់ជាមនុស្សចូលចិត្តស្រមើលស្រមៃ ពេលនឹកឃើញអ្វីដក់អារម្មណ៍ក៏នៅជាមួយរឿងនោះទាល់តែធុញ ហើយក៏ឈប់ចាប់អារម្មណ៍រឿងនោះមួយរំពេច ” ។

លើកលែងរឿងមួយ ដែលអារម្មណ៍គាត់នៅដក់ជាប់គ្នាគ្មានថ្ងៃប្រែប្រួល នោះគឺរឿងនិទានខាវប៊យ របស់ ខាល មេយ៍ រហូតដល់ក្លាយជាមេដឹកនាំប្រទេស ហ៊ីត្លែរ ក៏នៅតែបញ្ជាអោយកូនចៅយកសៀវភៅរបស់ ខាល មេយ៍ ទៅជាមួយរាល់លើកដែលធ្វើដំណើរ ។ ស្ថិតនៅក្នុងកន្លែងប្រជុំ ជាច្រើនដងដែល ហ៊ីត្លែរ ហៅពួករុស្សីថា ” អាពួកស្បែកក្រហម ” ។

បច្ចុប្បន្ន ផ្ទះរបស់គ្រួសារគាត់ស្ថិតនៅកន្លែងដើម គ្រាន់តែប្តូរម្ចាស់ច្រើននាក់។ កន្លែងបញ្ចុះសពរបស់ព្រះវិហារ ដែលនៅទល់មុខផ្លូវ មានផ្នូររបស់ឪពុកម្តាយរបស់ ហ៊ីត្លែរ ថ្ងៃដែលលើកទ័ពចូលរួមជាមួយប្រទេសអូទ្រីស ហ៊ីត្លែរ ក៏បានធ្វើដំណើរទៅគោរពវិញ្ញាណខន្ធរបស់ឪពុកម្តាយ ។

ដកស្រង់ចេញពីសៀវភៅ ” ហ៊ីត្លែរ កំពូលមេដឹកនាំសង្គ្រាមផ្តាច់ការ “

តម្លៃ ២៤០០០៛

ទំនាក់ទំនងជាវ សូមចូលទៅកាន់ផេក បណ្ណាគារOnline (Book5 Bookstore) ដោយចុចលើរូបភាពខាងក្រោមនេះ :

  • Facebook page : បណ្ណាគារ Online (Book5 bookstore)
  • phone : 086 878 278

Leave a Reply

Your email address will not be published. Required fields are marked *