ចំណេះដឹងទូទៅ, ជីវប្រវត្តិ

ជីវប្រវត្តិសង្ខេបនៃ អ្នកភិរម្យភាសាអ៊ូ ហៅ ង៉ុយ

ក្នុងការរស់នៅរបស់មនុស្សម្នាក់ៗ ​នៅក្នុងលោកសន្និវាសនេះ តែងតែប្រាថ្នាចង់រស់នៅមានសេចក្តីសុខក្នុងជីវិត មានកេរ្តិ៍ឈ្មោះ កិត្តិយស និងភាពថ្លៃថ្នូរគ្រប់ៗគ្នា ។ ដើម្បីទទួលបាននូវភាពទាំងអស់នេះ គេតែងតែខិតខំព្យាយាមរៀនសូត្រយ៉ាងខ្ជប់ខ្ជួន ជាហេតុធ្វើអោយគេ អាចទទួលបាននូវចំណេះដឹងខ្ពង់ខ្ពស់ជ្រៅជ្រះ ថែមទាំងរស់នៅប្រកបដោយភាពសុខសាន្ត ។ ដោយមានលំនាំបែបនេះហើយ ទើបមានកវីដ៏ល្បីល្បាញនៅក្នុងប្រទេសកម្ពុជា តួយ៉ាងកវីក្រមង៉ុយ ដែលមាននាមដើម អ៊ុក អ៊ូ លោកកើតនៅគ.ស ១៨៦៥ នៅភូមិអណ្តូងស្វាយ ឃុំកំបូល ស្រុកអង្គស្នួល ខេត្តកណ្តាល ។ បិតាលោកមាននាមថា អ៊ុក ជាមេឃុំកំបូល ដែលមានគោរម្យងារជាចៅពញាធម្មធារា និង មាតាលោកនាម អៀង  និងមាតាលោកនាម អៀង ជាបុត្រីរបស់ចៅពញាម៉ុក មេឃុំស្ពានថ្ម ស្រុកជាមួយគ្នា ។

កាលពីវ័យកុមារ លោក អ៊ុក អ៊ូ ជាក្មេងម្នាក់ដែលមានការតស៊ូប្រឹងប្រែងព្យាយាម ឧស្សាហ៍រៀនសូត្រ ហើយលោកបានរៀនលេខនព្វន្ត អក្សរសាស្ត្រខ្មែរថែមទៀតផង ។ ជាការពិតណាស់ កិត្តិសព្ទកេរ្តិ៍ឈ្មោះល្បីល្បាញ គឺវាកើតចេញពីការព្យាយាម វាមិនមែនជារឿងចៃដន្យនោះទេ ។ ព្រះភិរម្យភាសាអ៊ូ ហៅ ង៉ុយ លោកមានប្រវត្តិតស៊ូជាច្រើន ជាក់ស្តែងប្រវត្តិនៃការសិក្សារបស់លោក ដែលបានសិក្សាខាងអក្សរសាស្ត្រខ្មែរយ៉ាងយកចិត្តទុកដាក់ ហើយរហូតដល់អាយុ២១ឆ្នាំ លោកក៏បានបំពេញឧបសម្បទាជាភិក្ខុ ដោយបានរៀនធម៌អាថ៍ និងរៀនប្រែព្រះត្រៃបិដក នៅវត្តបឹងចករយៈពេល៥ឆ្នាំ ។ បន្ទាប់ពីនោះ ចំពោះជីវប្រវត្តិនៃការងារ គឺលោកបានបួសជាភិក្ខុ៥ឆ្នាំ លោកក៏បានលាចាកសិក្ខាបទមកជួយធ្វើកិច្ចការងារក្រុមគ្រួសារ ឪពុកម្តាយផង និងធ្វើជាស្មៀនផង ។ ក្រោយមក លោកតាបានលាឈប់ពីរាជការ ហើយរស់នៅប្រកបរបរជាកសិករធម្មតា ។ លោកក៏ជាអ្នកច្រៀងខ្សែដៀវ និង អ្នកទេសនាដ៏ល្បីល្បាញ ព្រមទាំងបានចូលរួមបម្រើការងារខាងក្រុមភ្លេង នៅព្រះបរមរាជវាំង ងារជា ” ក្រមង៉ុយ ” ។

អ្នកភិរម្យភាសាអ៊ូ ហៅ ង៉ុយ ពិតជាមានវោហាលេបខាយ ប្រាជ្ញាវៀងវៃ ចេះចាំរឿងរ៉ាវពីបុរាណៗ ទាំងគតិលោក ទាំងធម៌អាថ៍ ដែលជាហេតុធ្វើអោយប្រជាជន មានការស្រលាញ់ចូលចិត្តលោក រហូតបានប្រមូលបច្ច័យស្រូវអង្ករជូនលោកតាតាមសទ្ធា នៅពេលគេអញ្ជើញលោកទៅច្រៀង ឬ ទេសនាក្នុងពេលមានពិធីបុណ្យទានថែមទៀតផង ។ ក្នុងនោះផងដែរ នៅពេលច្រៀងក្តី ទេសនាក្តី លោកតែងតែលើកយកបញ្ហាក្នុងពេលនោះមកធ្វើជាប្រធានបទ ដូចជាច្រៀងអំពី  :

  • ការប្រកបមុខរបររកស៊ី ធ្វើស្រែចម្ការ
  • ការជ្រើសរើសគូស្រករ
  • ភាពក្រីក្រតោកយ៉ាករបស់ប្រជាជន និងមូលហេតុរបស់វា
  • ភាពអវិជ្ជា អនក្ខរភាព របស់ប្រជាជនខ្មែរ
  • ភាពស្ពឹកស្រពន់ មិនសកម្ម ស្វាហាប់ខាងធ្វើពលកម្មដាំដុះ
  • ការបែកបាក់សាមគ្គីភាព ឈ្លោះទាស់ទែងតែគ្នាឯង ទាំងគ្រហស្ថ ទាំងអ្នកបួស
  • ការជិះជាន់សង្កិតសង្កន់ពីសំណាក់ពួកបរទេស មកលើប្រជាជនខ្មែរ
  • ការបាត់បង់ឯករាជ្យ និង អត្ថភាពខ្មែរ​
  • ការរិចរិលនៃវប្បធម៌ អក្សរសាស្ត្រខ្មែរ…. ។

ជារួម កិត្តិសព្ទខាងសំណួនវោហាររបស់កវី អ៊ុក អ៊ូ នេះពិតជាគួរអោយកោតសរសើរ ។ លោកមានស្នាដៃជាច្រើន ហើយស្នាដៃរបស់លោក ត្រូវបានគេទទួលស្គាល់រហូតមកដល់សព្វថ្ងៃ រួមមាន :

  • ច្បាប់ល្បើកថ្មី
  • បទកាកគតិ នៅឆ្នាំ ១៩២២
  • ច្បាប់កេរកាលថ្មី
  • បទព្រហ្មគតិ ឆ្មាំ ១៩២២
  • សេចក្តីរំលឹកដាស់តឿន
  • បទពាក្យ៧ នៅឆ្នាំ ១៩៣១
  • ច្បាប់ប្រដៅទូន្មានជនប្រុសស្រី
  • និង បណ្តាំក្រមង៉ុយ ។​

ក្រៅពីស្នាដៃទាំងនេះ ព្រះភិរម្យភាសាអ៊ូ ហៅង៉ុយ មានស្នាដៃជាច្រើនដទៃទៀត ដែលគេមិនទាន់បានរកឃើញជាឯកសារសរសេរផងដែរ ។ រាល់ស្នាដៃ និង កេរ្តិ៍ឈ្មោះទាំងនេះគឺកើតឡើងពីការប្រឹងប្រែងខិតខំតស៊ូព្យាយាមនៅក្នុងជីវិត ព្រមទាំងយកចិត្តទុកដាក់ សិក្សារៀនសូត្រវបានយ៉ាងខ្ជប់ខ្ជួន ប្រកបដោយទេព្យកោសល្យ ។ ភាពវៃឆ្លាតរបស់លោកនេះហើយ គឺសុទ្ធតែជាកេរ្តិ៍មរតក របស់បុព្វបុរសខ្មែរ​បានបន្សល់ទុកអោយកូនចៅខ្មែរជំនាន់ក្រោយបានដឹងគ្រប់ៗគ្នា ដែលយើងគួរតែយកតម្រាប់តាម ក្នុងទិសដៅជួយថែរក្សាមរតកវប្បធម៌របស់យើងអោយបានគង់វង្ស ។

 

  • អត្ថបទ : កី សុខលីម
  • រចនារូបភាព : May
  • រក្សាសិទ្ធ : Book5.biz

 

Leave a Reply

Your email address will not be published. Required fields are marked *