ទីប្រឹក្សាសៀវភៅ

តើឃាតករពិតជានរណា ?

ចំណងជើង “អារក្សខ្មៅ” គឺជាវណ្ណកម្មរបស់អ្នកនិពន្ធ ធឿន វុទ្ធី ជាប្រភេទប្រលោមលោកបែបរន្ធត់ព្រឺព្រួចមិននឹកស្មានដល់។ គ្រប់រឿងរ៉ាវទាំងអស់គឺផ្តើមចេញពីវា តើវាគឺជាអ្វី? វាគឺជារូបចម្លាក់មួយដែលគេសន្មតថាជាវត្ថុដ៏ស័ក្តិសិទ្ធិហួសប្រមាណ ហើយត្រូវបានគេប្រសិទ្ធនាមថា “អារក្សខ្មៅ” ។ ផ្តើមដោយការស្លាប់ បញ្ចប់ដោយភាពសោកស្ដាយ។

ចំណុចចាប់ផ្តើមនៃសាច់រឿងបានពណ៌នាពីក្រុមហ៊ុនរបស់លោក សេដ្ឋា មរតក ជាមេឈ្នួញរកស៊ីទិញ​លក់វត្ថុបុរាណខុសច្បាប់ដ៏ធំមួយនៅកណ្ដាលព្រៃ។ លោកមរតក បានទទួលទិញរូបចម្លាក់ដ៏ចម្លែកមួយពីឈ្មួញម្នាក់ក្នុងតម្លៃយ៉ាងខ្ពស់។ ឈ្នួញបានប្រាប់លោកថា រូបចម្លាក់នោះវាមានវិញ្ញាណសណ្ឋិតដ៏ខ្លាំងពូកែ ហើយលោកនឹងក្លាយទៅជាម្ចាស់របស់វា បន្ទាប់ពីប្រើអាគមដាស់វិញ្ញាណ… តាមបែបជំនឿផ្លូវងងឹត (អបិយជំនឿ)។

លោកមរតកទទួលទិញរូបចម្លាក់នោះមករក្សាទុកនៅក្រុមហ៊ុន មិនទាន់បានប៉ុន្មានថ្ងៃល្អផង ស្រាប់តែលេចឡើងនូវករណីឃាតកម្មមួយ គឺមានសាកសពមនុស្សម្នាក់ស្លាប់យ៉ាងអាថ៌កំបាំង នៅព្រៃខាងក្រោយអគារពាណិជ្ជកម្មរបស់លោក។ ក្រោយហេតុការណ៍ដ៏ចម្លែកនោះប៉ុន្មានថ្ងៃ មានករណីឃាតកម្មលើបុគ្គលិកក្រុមហ៊ុន៥នាក់ផ្សេងទៀត របស់លោក ភិមាន រតនៈ នៅជាន់ទី ១៣ ដោយមិនដឹងពីមូលហេតុ។ រម្លងបានប៉ុន្មានថ្ងៃ គឺការស្លាប់របស់លោក ភិមាន រតនៈ ដែលជាដៃគូប្រកួតប្រជែងការរកស៊ីរបស់លោក សេដ្ឋា មរតក។ លោកត្រូវបានគេសម្លាប់បំបិទមាត់នៅក្នុងជណ្តើរយោងជាន់ទី១៣ដដែល។ ស្ថានភាពសាកសពខាងលើសុទ្ធតែត្រូវគេខ្វេះយកបេះដូង និងកាប់រាប់ពាន់កាំបិតយ៉ាងសុសសាច់ដូចគ្នាទាំងអស់។ រឿងក្តីឃាតកម្មខាងលើ គឺហួសពីសមត្ថភាពយល់ដឹងរបស់ប៉ូលីសស៊ើបអង្កេត និងស្ថិតនៅក្នុងការសង្ស័យដ៏អាថ៌កំបាំងរបស់មនុស្សទូទៅ។ ជំនឿខ្មែរ “កុំទិញរបស់មិនស្គាល់ប្រវត្តិចូលក្នុងផ្ទះ” ។

មិនត្រឹមតែប៉ុណ្ណោះ បន្ទាប់ពីលោក មរតក យករូបចម្លាក់នោះចូលក្នុងផ្ទះ គ្រួសាររបស់លោកគឺអ្នកស្រីស៊ីនួន និងកូនៗបីនាក់ផ្សេងទៀត ក៏ហាក់មានអារម្មណ៍ថាកើតមានហេតុភេទចម្លែកៗនៅក្នុងផ្ទះ។ រឿងរ៉ាវអាក្រក់ៗ ចេះតែកើតមានឡើងគ្រប់ពេលវេលាចំពោះគ្រួសារដ៏តូចមួយនេះ ស្ទើរតែឆ្កួតវង្វេងបាត់ស្មារតីគ្រប់ៗគ្នា។ រាឆា ជាកូនទីពីរនៅក្នុងគ្រួសារ ជាអ្នករ៉ាប់រងនូវបន្ទុកគ្រោះថ្នាក់ដ៏ធំជាងគេ។ ទម្រាំតែដឹងពីការពិតអ្វីៗបានកន្លងហួសអស់ ។ រឿងនេះ គឺត្រូវបានកើតឡើងតាមរយៈបណ្ដាសារបស់ស្រ្តីម្នាក់កាលពីប៉ុន្មានទសវត្សរ៍មុន ហើយវាបានក្លាយទៅជារឿងដ៏គួរឲ្យសោកសង្រេងសម្រាប់មនុស្សជំនាន់ក្រោយដែលមិនដឹងអ្វីទាល់តែសោះ។ តើអ្នកជឿលើរឿងទាំងអស់នោះទេ ????

សរសេរអត្ថបទដោយ : Nem Nibona

Leave a Reply

Your email address will not be published. Required fields are marked *