លើកទឹកចិត្ត, អត្ថបទខ្លីៗ, អភិវឌ្ឍខ្លួន

តើអ្នកចង់អោយមនុស្សចាស់ជាទីស្រលាញ់របស់អ្នក បារម្ភពីអ្នកដល់ពេលណាទៀត?-MAY

យុវវ័យជាច្រើនដែលមានអាយុជាង២០ឆ្នាំ ពួកគេមួយចំនួនតែងប្រើលេសកុហកខ្លួនឯងថា «ខ្ញុំទើបអាយុប៉ុណ្ណឹង ខ្ញុំនៅសល់ពេលវេលាច្រើនទៀតណាស់ ហើយកំឡុងពេលនេះ គួរតែមិនទាន់ដល់ពេលដែលខ្ញុំត្រូវរៀបចំផែនការអនាគតនោះទេ » ។

បើអ្នកទាំងអស់គ្នាកំពុងតែមានគំនិតបែបនេះ ដិតដាមជាប់ខួរក្បាល ចឹងថ្ងៃនេះសូមអានអត្ថបទមួយនេះអោយចប់ !!!

ពីមុន ខ្ញុំក៏ដូចជាក្មេងដទៃទូទៅដែរ ។ ខ្ញុំបានរៀនបញ្ចប់ថ្នាក់បរិញ្ញាបត្រនៅកំឡុងអាយុ២៣ឆ្នាំ ពោលគឺជាង១ឆ្នាំមុន ។
ពេលខ្ញុំនៅរៀន ខ្ញុំចូលចិត្តធ្វើរឿងសប្បាយៗ ដោយមិនបានខ្វល់ខ្វាយ ឬរៀបចំផែនការអនាគតអ្វីនោះទេ ។ ប៉ុន្តែបញ្ហាត្រង់ថា ខ្ញុំរៀនមិនពូកែសោះ ! ពេលនោះខ្ញុំចាប់ផ្តើមបារម្ភ ថាពេលរៀនចប់ អ្នកណាទទួលខ្ញុំធ្វើការទៅ ? បើចំណេះក៏មិនខ្លាំង បទពិសោធន៍ក៏មិនមាន ។ កំហុសធំបំផុតរបស់ខ្ញុំកាលនោះ គឺត្រង់ថា ដោយសារគ្មានផែនការ ទើបខ្ញុំមិនបានស្វែងរកបទពិសោធន៍ការងារជាក់ស្តែងអ្វីធ្វើនោះទេ ដូច្នេះពេលរៀនជិតចប់ ខ្ញុំដូចជាចកដែលរសាត់នៅលើទឹក មិនដឹងគួរទៅផ្លូវណា ។

ទន្ទឹមពេលនោះ ខ្ញុំបែរជាមានគំនិតមួយដែលល្ងីល្ងើបំផុត សម្រាប់យកមកធ្វើជាលេសបោកប្រាស់ខ្លួនឯង នោះគឺ « បារម្ភធ្វើអី? គ្រួសារយើងមិនបានលំបាកទេ ពួកគាត់មិនបានត្រូវការចំណូលពីយើងដើម្បីរស់ទេ…យ៉ាងណា យើងគ្មានបន្ទុកសោះ ហេតុអីយើងគិតច្រើនម្ល៉េះ? រកបានការងារប្រាក់ខែប៉ុណ្ណា យកប៉ុណ្ណឹងទៅ ព្រោះយើងខ្លួនមួយ រកបានប៉ុណ្ណាចាយប៉ុណ្ណឹងទៅ នេះយើងទើបអាយុជាង២០ឆ្នាំប៉ុណ្ណោះ យើងនៅសល់ពេលច្រើនណាស់…. » ។

ប៉ុន្តែ នៅថ្ងៃមួយដែលខ្ញុំបានត្រលប់ទៅលេងស្រុកកំណើត បន្ទាប់ពីមិនបានទៅជាយូរ ។ ខ្ញុំសំលឹងឃើញបុរសម្នាក់ បុរសម្នាក់នោះ ពីមុនគាត់រឹងមាំណាស់ ស្វាហាប់ណាស់ ប៉ុន្តែត្រឹមពេលដ៏ខ្លីដែលខ្ញុំមិនបានទៅជួបគាត់ ខ្ញុំចាប់អារម្មណ៍ឃើញថា ពេលនេះគាត់ចាស់ហើយ ស្បែកគាត់ជ្រីវជ្រួញ ខ្លួនគាត់រួមតូច ដំណើរក៏យឺតយ៉ាវ……. បុរសម្នាក់នោះ គឺបុរសម្នាក់ដែលស្រលាញ់ខ្ញុំបំផុត គាត់គឺជីតារបស់ខ្ញុំ ។ ខ្ញុំនៅចាំអារម្មណ៍មួយនោះច្បាស់ណាស់ ថាខ្ញុំឈឺចាប់ប៉ុណ្ណា ពេលឃើញក្រសែភ្នែកព្រួយបារម្ភរបស់គាត់សំលឹងមកកាន់ខ្ញុំ ។ ទឹកភ្នែកខ្ញុំបានស្រក់ចុះមក នៅថ្ងៃដែលខ្ញុំត្រូវត្រលប់មកភ្នំពេញ ខ្ញុំឃើញគាត់ទុកលុយក្នុងកាបូបខ្ញុំ ហើយមុនមកគាត់ប្រាប់ខ្ញុំថា បើអត់លុយអោយប្រាប់គាត់ បើពិបាកមកផ្ទះវិញមក… ។ ពេលនោះ ខ្ញុំមើលងាយខ្លួនឯងខ្លាំងបំផុត ខ្ញុំស្អប់គំនិតឆ្គួតៗដែលខ្លួនឯងធ្លាប់គិតពីមុនថា ខ្លួនឯងសល់ពេលវេលាច្រើនណាស់ ។ ខ្ញុំស្អប់ខ្លួនឯង ដែលយូរណាស់ហើយ មិនព្រមចាប់ផ្តើមធ្វើអ្វីសោះ ។ហើយខ្ញុំបន្ទោសខ្លួនឯងខ្លាំងបំផុត ដែលកន្លងមកខ្ញុំតែងប្រើពាក្យថា « រងចាំ » ជំនួសអោយពាក្យថា « ចាប់ផ្តើម » ។

មែន! ខ្ញុំសល់ពេលច្រើនមែន ប៉ុន្តែ គាត់ចាស់ណាស់ហើយ គាត់សល់ពេលមិនច្រើនដូចខ្ញុំទេ តើខ្ញុំចង់អោយគាត់រស់នៅក្នុងក្តីបារម្ភពីអនាគតក្មេងគ្មានគោលដៅដូចខ្ញុំ រហូតដល់ពេលណាទៀត ? គាត់គួរណាស់តែរស់ដោយសប្បាយចិត្ត ដោយសុភមង្គល ក្នុងជីវិតចុងក្រោយរបស់គាត់ ។ ប៉ុន្តែគាត់បែរជាគេងបារម្ភព្រួយកង្វល់រាល់ថ្ងៃ ពីក្មេងអាយុជាង២០ឆ្នាំដូចជាខ្ញុំ ថាថ្ងៃក្រោយខ្ញុំនឹងរស់នៅដោយរបៀបណា ?

រឿងរបស់ខ្ញុំ ក៏អាចជារឿងរបស់អ្នក។ អារម្មណ៍របស់ខ្ញុំ ក៏អាចជាអារម្មណ៍របស់អ្នក ។ កំហុសរបស់ខ្ញុំ ក៏អាចជាកំហុសរបស់អ្នក ។ ប៉ុន្តែពេលនេះខ្ញុំភ្ញាក់ខ្លួនហើយ ចុះអ្នកវិញ ?

សូមមេត្តា ឈប់គិតថាខ្លួនអ្នកនៅក្មេង នៅសល់ពេលវេលាច្រើនទៀតទៅ ! ព្រោះអ្នកនៅសល់ពេលវេលាតិចតួចណាស់ ក្នុងការបង្ហាញអោយមនុស្សចាស់ជាទីស្រលាញ់របស់អ្នក បានដឹង បានឃើញ ថាអ្នកជោគជ័យ ឬយ៉ាងហោច ក៏អាចអោយពួកគាត់ទទួលស្គាល់ថា អ្នកពិតជាអាចរស់នៅបានដោយខ្លួនឯងពិតមែន ។

ចូរចាប់ផ្តើមពីឥលូវនេះ ! ហើយឈប់ប្រើពាក្យថា «រងចាំ»ទៀតទៅ…..

  • សរសេរអត្ថបទដោយ : May
  • រក្សាសិទ្ធ : Book5.biz

បណ្ណាគារOnline មានលក់សៀវភៅស្នាដៃនិពន្ធខ្មែរដែលមានគុណភាព និងស្នាដៃបកប្រែល្អៗ :

Leave a Reply

Your email address will not be published. Required fields are marked *