ទីប្រឹក្សាសៀវភៅ

ភាពខុសគ្នារវាងស្ត្រី និងបុរស នៅពេលលង់ស្នេហ៍នរណាម្នាក់

បើយោងទៅលើការសិក្សាស្រាវជ្រាវតាមបែបជីវសាស្ត្រ ស្ត្រីនិងបុរសធ្លាក់ក្នុងអន្លង់ស្នេហ៍របស់នរណាម្នាក់តាមរបៀបផ្សេងគ្នា ។
ប៉ុន្តែជាទូទៅ គូស្នេហ៍ភាគច្រើនមិនសូវសង្កេតទៅលើភាពខុសគ្នានៅក្នុងដំណាក់កាលនេះឡើយ ដោយពួកគេភាគច្រើនផ្តោតទៅលើនរណាដែលនិយាយពាក្យថា «ខ្ញុំស្រឡាញ់អ្នក»មុនតែប៉ុណ្ណោះ ។ តាមពិតទៅ ការសិក្សាអំពីឥរិយាបថនៃការលង់ស្នេហ៍របស់ស្ត្រីនិងបុរសគឺជារឿងដែលស្មុគស្មាញបន្តិច ព្រោះឥរិយាបថរបស់មនុស្សម្នាក់ៗ ក្នុងការលង់ស្រលាញ់នរណាមួយត្រូវបានកំណត់ដោយបទពិសោធនិងអារម្មណ៍ច្រើនជាងកត្តាភេទ ។ ប៉ុន្តែអ្នកស្រាវជ្រាវបានស្វែងរកឃើញនូវចំណុចខុសគ្នាដ៏គួរឱ្យ្ត់សម្គាល់ចំនួន៦ រវាងស្ត្រីនិងបុរសក្នុងការលង់ស្នេហ៍នរណាម្នាក់ ។ ចំណុចទាំង៦នោះមាន :
១. បុរសឆាប់មានអារម្មណ៍ស្រឡាញ់លឿនជាងស្ត្រី
អ្នកជំនាញបានលើកឡើងថា បុរសឆាប់មានអារម្មណ៍ស្រលាញ់លឿនជាងស្ត្រី ។ ការលើកឡើងនេះបានប្រឆាំងទៅនឹងការយល់ឃើញជាទូទៅថា មនុស្សស្រីងាយស្រឡាញ់ជាងមនុស្សប្រុស ។ លោក ចូណាថាន់ បេនណេត និង ដាវីដ បេនណេត អ្នកជំនាញផ្នែកស្នេហាបានបកស្រាយថា លក្ខណៈបែបនេះអាចនឹងមានទំនាក់ទំនងទៅនឹងផ្នត់គំនិតពីធម្មជាតិរបស់មនុស្សស្រីដែលតែងតែយល់ថា «ការជ្រើសរើសបុរសខុស នឹងធ្វើឱ្យពួកគេមានការខាតបង់» ដូច្នេះ ទើបពួកគេមានភាពប្រុងប្រយត្ន័ខ្ពស់ មុននឹងសម្រេចចិត្តអនុញ្ញាតឱ្យនរណាម្នាក់ចូលមកក្នុងជីវិត ។ ផ្ទុយពីបុរស ដែលពួកគេតែងតែយល់ថា «ពួកគេគ្មានអ្វីខាតបង់ច្រើននោះឡើយ ទោះបីបើពួកគេជ្រើសរើសនារីខុសក៏ដោយ» ដូច្នេះ ពួកគេក៏មិនសូវប្រុងប្រយត្ន័ខ្ពស់ក្នុងការលង់ស្រលាញ់នរណាម្នាក់ដែរ ។
២. បុរសភាគច្រើននិយាយថា «បងស្រឡាញ់អូន» មុន
ការសិក្សាស្រាវជ្រាវបានលើកឡើងថា នៅក្នុងការចាប់ផ្តើមចំណងស្នេហា មនុស្សប្រុសភាគច្រើនជាអ្នកដែលសារភាពថាស្រលាញ់ភាគីខាងស្រីមុន ។ លទ្ធផលនៃការស្រាវជ្រាវមួយនេះ គឺជាអំណះអំណាងដែលគាំទ្រយ៉ាងពេញទំហឹងទៅដល់សម្មតិកម្មខាងលើដែលបានលើកឡើងថា «មនុស្សងាយធ្លាក់ក្នុងអន្លង់ស្នេហ៍ជាងមនុស្សស្រី» ។ ដោយសារតែមនុស្សប្រុសងាយស្រឡាញ់បែបនេះហើយ ទើបមនុស្សប្រុសក៏ងាយនឹងពោលពាក្យថា «ស្រឡាញ់» ដូចគ្នា ។ ដូច្នេះហើយ ទើបមនុស្សជាច្រើនបានផ្តល់នូវដំបូន្មានទៅកាន់ស្ត្រីថា កុំឆាប់ជឿពាក្យថា «ស្រឡាញ់» របស់មនុស្សប្រុសពេក ព្រោះវាគឺជាពាក្យដែលពួកគេងាយនឹងនិយាយចេញមក ហើយក៏ងាយនឹងសាបរលាបឥទ្ធិពលទៅវិញដែរ ។
៣. មនុស្សស្រីនិយាយពាក្យថា «អូនស្រឡាញ់បង» ញឹកញាប់ជាង
មនុស្សស្រីតែងតែបង្ហាញនូវក្តីស្រឡាញ់ចំពោះគូស្នេហ៍របស់ខ្លួនតាមរយៈពាក្យសម្តី «អូនស្រឡាញ់បង» ញឹកញាប់ជាងមនុស្សប្រុស។ លើសពីនេះទៅទៀត បើយោងទៅតាមវិទ្យាសាស្ត្រ ពាក្យសម្តីមួយប្រយោគនេះក៏មានអត្ថន័យជ្រាលជ្រៅចំពោះស្ត្រីជាងបុរសផងដែរ។ ក្នុងនោះ ស្ត្រីនោះបានចាត់ទុកការនិយាយពាក្យថា «បងស្រឡាញ់អូន» ពីបុរស ថាជាមន្តស្នេហ៍ដ៏ទាក់ទាញផងដែរ ។ ដូច្នេះសម្រាប់បុរសទាំងឡាយណាដែលបានដឹងពីចំណុចមួយនេះ រមែងមានសមត្ថភាពធ្វើឱ្យគូស្នេហ៍របស់ខ្លួនពេញចិត្ត និងមានសុភមង្គលជាទីបំផុត ។ ការនិយាយពាក្យថា «អូនស្រឡាញ់បង» រប់ស្ត្រី គឺជាការបង្ហាញចេញនូវការប្តេជ្ញាចិត្តនិងភក្តីភាពចំពោះមនុស្សខ្លួនស្រឡាញ់ ។
៤. មនុស្សស្រីផ្តោតទៅលើមនុស្សដែលខ្លួនស្រឡាញ់តែម្នាក់
ឥឡូវ អ្នកសាកគិតទៅដល់ពេលដែលខ្លួនអ្នកកំពុងរៀនថ្នាក់វិទ្យាល័យ និងមនុស្សដែលអ្នកធ្លាប់លួចស្រឡាញ់ទាំងអស់ទៅមើល៍! តើកាលណោះ អ្នកបានផ្តល់ការចាប់អារម្មណ៍ទៅលើមនុស្សតែម្នាក់ឬច្រើននាក់ក្នុងពេលតែមួយ? ការចាប់អារម្មណ៍ទៅលើនរណាម្នាក់ក៏ទាក់ទងទៅនឹងភេទរបស់អ្នកផងដែរ ។
ដូចយើងបានដឹងពីខាងដើមមកហើយថា មនុស្សប្រុសងាយនឹងស្រឡាញ់ ប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើល ពួកគេភាគច្រើនក៏ងាយនឹងកើតមកនូវអារម្មណ៍នេះញឹកញាប់ទៅកាន់មនុស្សស្រីជាច្រើននាក់ផងដែរ ។ ខុសប្លែកពីស្ត្រី ពួកគេចាប់អារម្មណ៍ទៅលើបុរសតែម្នាក់ ឬអាចនឹងលើសពីហ្នឹងតិចតួចតែប៉ុណ្ណោះ ។ នេះគឺជាការលើកឡើងរបស់អ្នកជំនាញស្នេហា លោក ចូណាថាន់ និងលោក ដាវីដ បេនណេត ដដែល ។
គួរបញ្ជាក់ផងដែរថា ការលើកឡើងបែបនេះ មិនមែនសំដៅទៅលើមនុស្សប្រុសទាំងអស់ឬមនុស្សស្រីទាំងអស់នោះឡើយ ប៉ុន្តែវាក៏ជាអ្វីដែលគួរឱ្យពិចារណាដូចគ្នា ។
៥.មនុស្សស្រីលង់ស្រឡាញ់នរណាម្នាក់ មិនមែនដោយសាររូបសម្បត្តិជាធំជាធំនោះទេ
រូបសម្បត្តិមិនមែនជាកត្តាសំខាន់ដែលជំរុញទៅដល់ការសម្រេចចិត្តរបស់មនុស្សស្រីក្នុងការស្រឡាញ់នរណាម្នាក់នោះឡើយ ។
លោក ចូណាថាន់ បានអះអាងថា : «មនុស្សប្រុសងាយនឹងលង់ស្រឡាញ់នរណាម្នាក់ដោយគ្រាន់តែបានឃើញរូបសម្បត្តិខាងក្រៅ ទាំងដែលពួកគេបានត្រឹមឃើញរូបម្នាក់នោះពីចម្ងាយឬត្រឹមក្នុងរូបថតក៏ដោយ ។ ប៉ុន្តែមនុស្សស្រីតែងតែយករូបសម្បត្តិទៅបូកផ្សំជាមួយនឹងកត្តាផ្សេងៗទៀត ដូចជា អត្តចរិត ចំណេះដឹង ឬសមត្ថភាពជាដើម ទើបពួកគេអាចសម្រេចបានថា គួរស្រឡាញ់មនុស្សម្នាក់នោះដែរឬយ៉ាងណា ។ ដូច្នេះហើយ ទើបស្នេហាបែប «ឃើញភ្លាមស្រឡាញ់ភ្លែត» គឺជាភ្លើងស្នេហាដែលបញ្ឆេះឡើងដោយបុរសភាគច្រើន ។ មិនត្រឹមតែប៉ុណ្ណោះ មនុស្សស្រីក៏មិនងាយនឹងសម្តែងចេញនូវអាកប្បកិរិយានៃការលង់ស្រឡាញ់នរណាម្នាក់មកខាងក្រៅនោះដែរ ។
៦. ទាំងស្រ្តីទាំងបុរសស្វែងរកដៃគូស្នេហាក្នុងរយៈពេលវែងដោយផ្អែកទៅលើគុណសម្បត្តិដូចគ្នា
ថ្វីត្បិតតែរបៀបនៃការចាប់ផ្តើមស្រឡាញ់របស់មនុស្សទាំងពីរភេទមានលក្ខណៈខុសគ្នាលើចំណុចមួយចំនួនក៏ដោយ ប៉ុន្តែបើនិយាយពីការជ្រើសរើសដៃគូជីវិតវិញ ពួកគេជ្រើសរើសដោយផ្អែកទៅលើគុណសម្បត្តិដូចគ្នា ។ ក្នុងនោះ ទាំងស្ត្រី ទាំងបុរស ពេញចិត្តនឹងផ្ញើកាយផ្ញើជីវិតទៅលើនរណាម្នាក់ដែលប្រកបទៅដោយបញ្ញា សន្តានចិត្តល្អ ចេះយល់ចិត្ត និងផ្តល់ក្តីស្រឡាញ់មកឱ្យខ្លួនវិញ ។
_______________________________________
ដកស្រង់ចេញពីសៀវភៅ « ពិភពលោក២ពណ៌ »
តម្លៃសៀវភៅ : ១៨០០០៛
ទំនាក់ទំនងជាវសៀវភៅ :
  • អាចឆាតទៅហ្វេសប៊ុកផេក បណ្ណាគារOnline 
  • ឬអាចឆាតតាមតេលេក្រាម : 086 878 278
  • ឬអាចខលទៅលេខ : 086 878 278

 

 

 

 

 

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *