ចំណេះដឹងទូទៅ, ប្រវត្តិសាស្ត្រ និង នយោបាយ

មូលដ្ឋានដែលនាំឱ្យ កម្ពុជាទទួលបាន ប្រាសាទព្រះវិហារត្រឡប់មកវិញ

កម្ពុជា គឺជាប្រទេសមួយដែលមាន អត្តសញ្ញាណជាតិរបស់ខ្លួនច្បាស់លាស់​​​​​​​​​​​​ ​​​​​​​​​ព្រមទាំងសម្បូរទៅដោយសម្បត្តិវប្បធម៌ កេរមរតកទឹកដីច្រើនអនេក ។ ជាពិសេសមានកេរ្តិ៍ឈ្មោះល្បីរន្ទឺដល់ប្រទេសជិតខាងថែមទៀតផង ។ ជាហេតុនាំឱ្យជាតិដទៃមួយចំនួនចង់រំលោភបំពានយកសម្បត្តិបេតិកភណ្ឌជាតិរបស់កម្ពុជា ។ តែទោះបីជាយ៉ាងនេះក្ដីក៏បុព្វបុរសខ្មែរ បានរិះរកមធ្យោបាយគ្រប់បែបយ៉ាងដើម្បីការពារ និងថែរក្សានូវវត្ថុដ៏មានតម្លៃរបស់ខ្លួនដែរ។

តាមការសិក្សានូវប្រវត្តិសាស្ត្រកម្ពុជា តួយ៉ាងដូចជាប្រាសាទព្រះវិហារ ។ បើតាមសិលាចារឹកនៅប្រាសាទព្រះវិហារ គេអាចសន្មតបានថាសំណង់ប្រាសាទនេះត្រូវបានចាប់ផ្តើមកសាងឡើងដំបូងនៅដើមសតវត្សរ៍ទី៩ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី២ (៨០២-៨៥០) ។ ប្រាសាទព្រះវិហារ មានទីតាំងភូមិសាស្ត្រនៅខេត្តព្រះវិហារផ្ទាល់ហើយបានធ្វើការកសាងនៅលើកំពូលភ្នំនៃជួរភ្នំដងរែក​ ដែលមានរយៈកម្ពស់ ៦២៥ ម៉ែត្រ បើធៀបទៅនឹងទឹកសមុទ្រ។

រូបភាព : pinterest

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ជាថ្ងៃដែលប្រទេសកម្ពុជាទទួលបានប្រាសាទព្រះវិហារវិលត្រឡប់មកវិញ ។ បើតាមអ្នកជំនាញផ្នែកប្រវត្តិសាស្ត្រ ឯកឧត្តមបណ្ឌិតសភាចារ្យ​ ស៊ន សំណាង បានបង្ហាញយ៉ាងច្បាស់ថា មូលហេតុដែលនាំឱ្យកើតមានព្រឹត្តិការណ៍​ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ កើតឡើងនោះ គឺមកពីភាគីថៃបានចូលកាន់កាប់ប្រាសាទព្រះវិហារដោយខុសច្បាប់នៅឆ្នាំ១៩៥៤ ( ១ ) គឺមានរយៈពេលមួយឆ្នាំបន្ទាប់ពីបារាំងបានប្រគល់ឯករាជ្យទាំងស្រុងមកឱ្យកម្ពុជាវិញ ។ អ្នកជំនាញប្រវត្តិសាស្ត្របានបន្តមានប្រសាសន៍ទៀតថា ​ប្រការដែលកម្ពុជាទទួលបានជោគជ័យកាលពីឆ្នាំ១៩៦២នោះ មិនមែនជាការចៃដន្យឡើយ គឺកម្ពុជាខ្លួនឯងមានមូលដ្ឋានយ៉ាងរឹងមាំសំខាន់ចំនួនបី គឺទី១ផែនទីដងរែក ទី២គោលការណ៍គោរពពាក្យសម្តីដែលភាគីថៃបានព្រមព្រៀងជាមួយនឹងបារាំង និងទី៣គឺបារាំងបានប្រគល់សិទ្ធិគ្រប់យ៉ាងដែលខ្លួនមាន បន្តមកឱ្យខ្មែរនៅមុនពេលដកចេញពីក​​ម្ពុជានៅឆ្នាំ១៩៥៣ ។ ម្យ៉ាងវិញទៀតកម្ពុជាតែងតែព្យាយាមចរចាជាមួយនឹងភាគីថៃជាច្រើនលើកច្រើនសារដោយការបញ្ជៀសឱ្យបាននូវការប្រើអាវុធ ។ លើសពីនេះទៅទៀតឯកឧត្តមបណ្ឌិតសភាចារ្យ​ ស៊ន សំណាង បានបន្តទៀតថា ព្រោះតែមិនអាចរង់ចាំតទៅទៀតទើបកម្ពុជាបានសម្រេចប្រើនីតិវិធីអន្តរជាតិដើម្បីដោះស្រាយបញ្ហាជុំវិញរឿងប្រាសាទព្រះវិហារនេះឡើងវិញម្តង ។

ដោយឈរលើមូលដ្ឋានដ៏រឹងមាំបែបនេះហើយទើប តុលាការក្រុងឡាអេ ប្រទេសហូឡង់ បានសម្រេចអោយកម្ពុជាក្លាយជាម្ចាស់គ្រប់គ្រងលើប្រាសាទព្រះវិហារ ហើយបានចេញសេចក្តីសម្រេចចំនួនបីចំណុចក្នុងនោះមានដូចជា ៖

-ទី១ : តុលាការសម្រេចថាប្រាសាទព្រះវិហារស្ថិតនៅក្នុងទឹកដីក្រោមអធិបតេយ្យភាពរបស់កម្ពុជា។

-ទី២ : ប្រទេសថៃត្រូវដកទាហាននៃកងកម្លាំងប្រដាប់អាវុធទាំងអស់ដែលបានតាំងទីលំនៅក្នុងប្រាសាទ ឬតំបន់ជិតខាងដែលស្ថិតនៅក្នុងទឹកដីកម្ពុជា​ ។

-ទី៣ : តុលាការបានសម្រេចឱ្យប្រទេសថៃប្រគល់មកឱ្យកម្ពុជាវិញនូវវត្ថុទាំងអស់ដែលថៃបានយកទៅចាប់ពីឆ្នាំ១៩៥៤ ផងដែរ ។

ជារួមនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ គឺជាទិវាប្រវត្តិសាស្ត្រមួយដែលកូនខ្មែរគ្រប់ជំនាន់គួរចងចាំ ហើយបណ្តុះការយល់ដឹងទៅដល់យុវជនជំនាន់ក្រោយឱ្យបានយល់ដឹង និងចងចាំថានេះគឺជាប្រវត្តិសាស្រ្ត ដែលកម្ពុជាទទួលបានជោគជ័យលើបរទេសជាលើកដំបូងនៅក្រោយសម័យកាលអង្គរ ។ នេះក៏ជាការបង្ហាញអោយឃើញពីភាពយុត្តិធម៌ នៃប្រពន្ធ័តុលាការអន្តរជាតិដែលបានផ្តល់ឱ្យកម្ពុជា ទោះបីជាកម្ពុជានាវេលានោះ មានកម្លាំងសេដ្ឋកិច្ចទន់ខ្សោយ និងមានប្រជាជនតិចជាងប្រទេសថៃក្តី ។

សរសេរអត្ថបទដោយៈ កូនក្មេង

ត្រួតពិនិត្យ និង កែសម្រួលដោយ : Book5.biz

dddddd

ឯកសារយោង

(១) ចំណងជើងសៀវភៅ ចំណេះដឹងខ្លះទាក់ទងនឹងប្រពៃណីទំនៀមទម្លាប់ខ្មែរ និងប្រវត្តិសាស្រ្ត រៀបរៀងដោយ អ៊ុំ រ៉ុន មន្ត្រីស្រាវជ្រាវបណ្ឌិតសភាកម្ពុជាប្រមូលចងក្រងនៅឆ្នាំ ២០១៤-២០១៥ និងចងក្រងបន្តនៅឆ្នាំបន្ទាប់ទៀត បោះពុម្ពឆ្នាំ២០១៦ ។

 

Leave a Reply

Your email address will not be published. Required fields are marked *