ប្រលោមលោក, អបិយជំនឿ

រឿងខ្លីបែបអបិយជំនឿផ្លូវងងឹត “បារមីរក្សាវត្ត” – នឹម នីបូណា

“ទីសក្ការៈបូជានីមួយៗ តែងតែមានបារមីនៅចាំថែរក្សា”

              ក្រោយទំនេរសម្រាកពីការងារមួយរយៈ ខ្ញុំឆ្លៀតពេលទៅលេងនៅឯស្រុកកំណើត ។ ផ្ទះរបស់ខ្ញុំនៅមិនឆ្ងាយពីវត្តប៉ុន្មានទេ ព្រោះអីខ្ញុំអាចអើតតាមមាត់បង្អួចមើលឃើញដំបូលវត្តបានព្រឹកល្ងាច ។ រដូវវស្សាចូលមកដល់ភ្លៀងធ្លាក់ស្ទើរគ្រប់ទីកន្លែង ដោយឡែកនៅភូមិរបស់ខ្ញុំក៏មានភ្លៀងធ្លាក់បានមួយមេធំដែរ គ្រាន់នឹងបានទឹកធ្វើស្រែ ។

សូមនិយាយត្រឡប់ទៅក្រោយបន្តិចចុះ កាលកន្លងទៅប្រហែលពីរបីថ្ងៃមុនខ្ញុំបានទៅលេងលោកតាមួយអង្គ ដែលជាព្រះគ្រូចៅអធិការវត្ត លោកតាក៏ត្រូវជាប់ជាសាច់ញាតិរបស់ខ្ញុំផងដែរ ។ ខ្ញុំមកលេងស្រុកប៉ុន្មានដងហើយ ប៉ុន្តែចេះតែមិនបានឆៀងចូលទៅលេងលោក សោះ ។ ថ្ងៃនេះមានឱកាសបានចូលទៅដល់កុដិលោកភ្លាម ខ្ញុំលុតជង្គង់ក្រាបថ្វាយបង្គំលោកតា តាមលំអានរបស់គ្រហស្ថនៅពេលចូលដល់កន្លែងព្រះសង្ឃគង់នៅ ។

ខ្ញុំបានពិតថេរដីកាលោកអំពីសុខទុក្ខ រួចហើយលោកតាក៏បានសួរពីដំណើរសុខទុក្ខរបស់ខ្ញុំវិញចប់សព្វគ្រប់ ។ ខ្ញុំតាំងសំណួរប្រគេនទៅលោកតាភ្លាមៗ បន្ទាប់ពីសង្កេតឃើញលោកតាមានព្រះភក្រ្តមិនសូវស្រស់បស់ ។ លោកតាទម្លាក់ព្រះភក្រ្តចុះក្នុងសភាពស្រងូតស្រងាត់បន្តិច មុននឹងចាប់ផ្ដើមមានថេរដីកា ។ លោកតាឆ្លើយតបយ៉ាងរហ័សវិញថា មកពីប៉ុន្មានថ្ងៃនេះអាត្មាសឹងមិនសូវបានឆ្អែតគ្រប់គ្រាន់ ។ ខ្ញុំចាប់ទំនុកបានក៏ចោទសួរបន្ថែម តើមកពីមូលហេតុអ្វីដែរទៅលោកតា ? លោកតាមានថេរដីកាថាបើនិយាយទៅរឿងរ៉ាវវាវែងឆ្ងាយណាស់ ។

លោកតាតំណាលថា…

កាលពីថ្ងៃ០៨កើត ដើមខែពិសាខឯណោះ មេឃបង្អុរភ្លៀងតាំងពីក្បាលព្រលប់រហូតដល់យប់ជ្រៅ ។ ដោយសារអាកាសធាតុចុះត្រជាក់ខ្លាំងអាត្មាសឹងលង់លក់ស្រួលមិនដឹងថាភ្លឺពីថ្មើរណាទេ ។ អ្វីដែលចម្លែកនៅយប់នោះ អាត្មាយល់សុបិនមួយដូចជាប្រថ្នូលថា អាត្មានិមន្តបិណ្ឌបាតកាត់ក្រោមដើមពោធិ៍មួយដើម ។ លុះនិមន្តផុតបីបួនជំហានក៏ឮសម្លេងដូចគេប្រគុំភ្លេងពិណពាទ្យឡើងគ្រលួច ។

អាត្មាសង្ស័យមិនអស់ចិត្តក្រឡេកក្រោយ ឃើញមានមនុស្សប្រុស ស្រីពាក់អាវកុតកត្រង់ ស្លៀកក្បិនពណ៌ក្រហមស្អាតៗកំពុងអង្គុយប្រគុំភ្លេងយ៉ាងពិតប្រាកដ ។ អាត្មានឹកឆ្ងល់ថាចុះមុននេះម្ដេចក៏មិនឃើញ ដល់ស្រាប់តែនិមន្តមកផុតហើយទើបឃើញទៅវិញ?

រឿងនេះអាត្មាមិនបានចាប់ភ្លឹកនឹកទុកជាការសំខាន់អ្វីដែរ ។ ម្យ៉ាងវិញទៀត អាត្មាក៏ចេះតែភ្លេចភ្លាំង មិនបានស្រាយសុបិននេះប្រាប់ដល់អាចារ្យ ឬយាយតាណាម្នាក់បានដឹងឡើយ ។

ចៅឯងដឹងទេ ….?

ដល់ស្រាប់តែនៅថ្ងៃ១៥កើតពេញបូណ៌មី ខែពិសាខ ចំនឹងថ្ងៃវិសាខបូជាផងនោះ បន្ទាប់ពីធ្វើកិច្ចវិសាខបូជាពេលល្ងាចរួចរាល់អស់ហើយ អាចារ្យ និងយាយតាទាំងអស់គាត់ត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន ។ នៅឡើយតែកិច្ចព្រះសង្ឃនមស្ការព្រះរតនត្រ័យពេលយប់ម្ដងទៀតប៉ុណ្ណោះ ។ លុះយប់បន្តិច អាត្មាបានដឹកនាំកិច្ចនមស្ការបន្តហូរហែជាងមួយម៉ោងបន្ថែមទល់នឹងម៉ោងជិត១០ ។

ចុះពីលើព្រះវិហារជាន់ដល់កាំទីមួយភ្លាម ឮសម្លេងដូចមានអ្វីរត់កាត់មុខអាត្មាវឹប តែអាត្មាមិនបានចាប់អារម្មណ៍ទាល់តែសោះ ។ ចិត្តមួយបណ្តាលឱ្យអាត្មាងាកព្រះភក្រ្តមើលទៅក្រោមដើរពោធិ៍ក៏ប្រទះនឹងបង្គុំភ្លើងមួយដុំធំរាងប៉ុនស្គរធំពណ៌ឡើងខៀវស្រងាត់ និងមានពន្លឺរន្ទាលជះចេញមកក្រៅ ។ សូម្បីអាត្មាបួសកាន់សីលជាងដប់វស្សាហើយក៏នៅតក់ស្លក់មិនតិចដែរ ញ័រជង្គង់ទទ្រើកដើរមកកុដិ ។ រឿងនេះអាត្មាក៏មិនប្រាប់ដល់លោកនេនតូចៗដែរ ព្រោះបើដឹងលោកខ្លាចលោកសឹងមិនលក់ប្រាកដជាវីវរមិនខាន ។

យប់ជ្រៅមែនទែនទៅហើយ អាត្មាទន្ទេញធម៌ទៅមុខទៀតក៏លែងកើត ម្យ៉ាងមូសច្រើនខាំរៀនមិនបានផង ម្យ៉ាងដូចជាទន់ៗត្របកភ្នែកផង អាត្មារៀបនឹងប្រះខ្នងមិនទាន់ដល់កន្ទេលស្រាប់តែឮសូរខ្យល់ខ្លាំងៗពីទិសខាងជើង បោកបក់នឹងមែកដើមបេងក្បែរកុដិអាត្មាបបោសនឹងក្បឿងឮសូរវីវ៉ូៗ គ្រីកគ្រូកៗៗ ។ ខ្យល់ផ្ទប់នឹងបង្អួចម្ដងៗចង់ភ្ញាក់លោះព្រលឹង លាន់សូរក្ឌាំងៗៗ ។

រម្លងទៅបានប្រហែលដប់ប្រាំនាទីខ្យល់រៀងស្ងប់បន្តិច សម្លេងថ្មីមួយផ្សេងទៀតបានចាប់ផ្តើមលាន់ឮឡើងនោះគឺ សម្លេងភ្លៀងពិណពាទ្យនាំមុខដោយសម្លេងរនាតប្រគំលាន់រន្ថើនបន្ដិចម្ដងៗគួរឱ្យស្លុតស្លុងអារម្មណ៍ ។ អាត្មាខំផ្ទៀងត្រចៀកស្តាប់ ហើយកើតរោគឆ្ងល់ថាសម្លេងនេះឮមកពីណា? ប្រហែលមកពីបារមីព្រះវិហារដែលមានអាយុកាលជាងហាសិបឆ្នាំទើបតែនឹងបញ្ចេញមហិទ្ធិឫទ្ធិ គួរឱ្យរំជើបរំជួលព្រឺព្រួចក្នុងយប់ថ្ងៃពេញបូណ៌មីនេះក៏មិនដឹង ?

តាំងពីក្មេងមកទល់នឹងអាយុប៉ុណ្ណេះ អាត្មាមិនដែលធ្លាប់ជួបហេតុការណ៍បែបនេះពីមុនមកទេ ។ បែរមកមើលខ្ញុំឯណេះវិញខំស្តាប់ឡើងត្រង់ស្លឹកត្រចៀកមិនហ៊ានទាំងរើខ្លួន លេបទឹកមាត់ផង ។

រនាតគងស្គរបានប្រគុំបញ្ចូលគ្នាកាន់តែឮរំពងខ្លាំងឡើងៗ ។ អាត្មាមានកូនចិត្តមួយហ៊ានតិចមិនហ៊ានតិច ។ ចិត្តមិនទាន់ដាច់ស្រេចថាបើក ឬមិនបើកផង ស្រាប់តែដៃលូកទៅដកគន្លឹះបង្អួចរួចបាត់ទៅហើយ ។ ក្រោយពីបង្អួចបើកចំហរភ្លាម អាត្មាសម្លឹងត្រង់ឆ្ពោះព្រះវិហារបានឃើញទិដ្ឋភាពគួរឱ្យអស្ចារ្យក្រៃលែង ។

ឱ…ទសបារមីដ៏ស័ក្តិសិទ្ធិអ្នកបានបញ្ចេញឫទ្ធានុភាពហើយ ។ អាត្មាព្រឺសព្វសសៃរ ត្រជាក់សាច់មួយរំពេច ។ ពេលដែលបានឃើញពន្លឺចិញ្ចែងចិញ្ចាចគួរឱ្យខ្លបខ្លាច រួមជាមួយនឹងមនុស្សស្អាតៗដូចទើបចុះមកពីឋានសួគ៌ា ។ សម្លេងភ្លេងប្រគុំអប់ផ្ទប់នឹងញ្ជាំងថ្ម ពីរោះរណ្ដំធ្វើឱ្យសតិអាត្មារលត់ឈឹងដូចចង្កៀងអស់ប្រេង ។

អ្វីដែលរឹងរឹតតែចម្លែកទៀតនោះគឺ ពេលព្រឹកព្រហាមឡើងល្មមដល់ពេលត្រូវនមស្ការថ្វាយបង្គំ កូននេនៗបាត់អាត្មាពីកន្លែងសឹងក៏នាំគ្នាដើររកអាត្មា ស្រាប់តែទៅឃើញនៅក្រោមដើមពោធិ៍ក្បែរនឹងព្រះពុទ្ធបដិមាទ្រង់បរិនិព្វានទើបនឹងសាងសង់រួចថ្មីៗ នៅខាងមុខព្រះវិហារ ។ អាត្មាមិនដឹងខ្លួនថាខ្លួនឯងទៅដល់ទីនោះដោយសារអ្វីទេ ។

ហេតុភេទដ៏ចម្លែកនេះតែងតែស្ថិតនៅចងចាំក្នុងចិត្តអាត្មាជានិច្ច ។ ក្រោយមកទើបអាត្មាបានដឹងពីមូលហេតុពិតប្រាកដនៅពីក្រោយរឿងចម្លែកនេះ គឺដោយសារតែកាលពីខែមុនមានឧបាសក ឧបាសិកា និងក្រុមគ្រួសារកូនចៅគាត់ជាអ្នកមានសទ្ធាធ្ងន់ នៅក្នុងព្រះពុទ្ធសាសនាបានជាវនូវឧបករណ៍ភ្លេងពិណពាទ្យមួយវង់យកមកប្រគេនអាត្មា ដើម្បីទុកដាក់សម្រាប់វត្តប្រើប្រាស់ ។

ប៉ុន្តែអាត្មាជាព្រះគ្រូចៅអធិការ និងអាចារ្យ ពុំបានគិតគូរប្រើប្រាស់សមគួរនោះទេ បែរជាយកទៅទុកចោលនៅក្នុងព្រះវិហាររហូតទាល់តែមានហេតុភេទចម្លែកមួយនេះកើតឡើង ទើបអាត្មាបានពិគ្រោះជាមួយនឹងអាចារ្យរកគ្រូភ្លេងមកបង្រៀនអ្នក ដែលមាននិស្ស័យជាមួយឧបករណ៍តន្ត្រីបុរាណមួយវង់នេះ ។

បន្ទាប់ពីរៀនចេះហើយនោះ ត្រូវនាំគ្នាទៅលេងថ្វាយបារមីក្នុងព្រះវិហារ និងទសបារមីរក្សាវត្តយើងនេះ ដើម្បីសុំសេចក្ដីសុខ សេចក្ដីចម្រើន ព្រមទាំងសូមខមាទោសចំពោះការខុសឆ្គាំឆ្គងធ្វេសប្រហែសពីកន្លងមក ។

ខ្ញុំស្តាប់ភ្លឹកនឹងការនិទានរបស់លោកតាខ្លាំងពេកដល់ថ្នាក់ភ្លេចបាយ ភ្លេចទឹក ។ ប៉ុន្តែវេទិកានេះត្រូវបញ្ចប់ទៅដោយស្នូររគាំង ។ កំពុងតែស្លុងអារម្មណ៍ផងខ្ញុំភ្ញាក់ឡើងក្រញាងពេលឮស្នូររគាំង ។ លោកតាក៏ដល់ពេលនិមន្តទៅឆាន់ចង្ហាន់ថ្ងៃត្រង់ ចំណែកឯ ខ្ញុំក្រាបថ្វាយបង្គំ និងប្រគេនពរលោកតារួចវិលត្រឡប់ទៅផ្ទះវិញ ។

  • និពន្ធដោយ : នឹម នីបូណា
  • កែសម្រួលដោយ : Book5 team
  • រូបភាព : មិនដឹងប្រភព (រូបតំណាង)
  • រក្សាសិទ្ធគ្រប់យ៉ាង : Book5.biz
ទំនាក់ទំនងជាវសៀវភៅស្នាដៃនិពន្ធខ្មែរដែលមានគុណភាព និងសៀវភៅបកប្រែល្អៗ សូមចុចលើរូបភាពខាងក្រោម ដើម្បីចូលទៅកាន់ផេក បណ្ណាគារOnline (Book5 Bookstore) :

 

Leave a Reply

Your email address will not be published. Required fields are marked *