សហគ្រិនភាព, អត្ថបទខ្លីៗ, អភិវឌ្ឍខ្លួន, អ្នកដឹកនាំ

រឿង៣យ៉ាងដែលមនុស្សភាគច្រើនបានយល់ខុសពី ជេគម៉ា – Book5.biz

ជេគម៉ា ជាបុរសមាឌតូចល្អិត តែមានឆន្ទៈធំ ។ មនុស្សទូទៅ គេយល់ថា ជេគម៉ា ជាបុរសអស្ចារ្យម្នាក់ ធ្វើរឿងអស្ចារ្យ សម្រេចបានសមទ្ធិផលដ៏អស្ចារ្យ ដែលភាពអស្ចារ្យនេះ បានចារឈ្មោះគាត់ទុកក្នុងប្រវត្តិសាស្ត្រអ្នកជំនួញ ។ ប៉ុន្តែ មនុស្សភាគតិចណាស់ដែលបានដឹងថា តាមទៅ គាត់ជាបុរសដ៏សាមញ្ញម្នាក់ប៉ុណ្ណោះ អ្វីដែលគាត់ខុសគេនោះ គឺឆន្ទៈដ៏មុះមុត រួមជាមួយភាពមុខក្រាស់ដែលទទួលយកការបរាជ័យម្តងហើយម្តងទៀត ក៏មិនព្រមបោះបង់ ។

មានរឿ៣យ៉ាង ដែលមនុស្សភាគច្រើនបានយល់ខុសពី ជេគម៉ា :

រឿងទី១ : ជេគម៉ា ជាមនុស្សមិនពូកែ
រឿងនេះគួរអោយអស់សំណើចបន្តិច ! អ្នកណាថា ជេគម៉ា មិនពូកែ ? ដឹងទេ ! ក្នុងជំនាន់នោះជនជាតិចិនជាជនជាតិដែលមិនមានចំណេះដឹងទូលំទូលាយផ្នែកភាសាអង់គ្លេសទេ ប៉ុន្តែជេគម៉ា បែរជាមនុស្សម្នាក់ក្នុងចំណោមមនុស្សកម្រដែលអាចប្រើប្រាស់ភាសាអង់គ្លេសបានយ៉ាងស្ទាត់ជំនាញ ។ នេះសរបញ្ជាក់អោយឃើញថា គាត់មានជំនាញច្បាស់មួយដែលលើសគេបាត់ទៅហើយ នោះគឺជំនាញភាសាអង់គ្លេស ។ ដូច្នេះ សូមបញ្ឈប់ការគិតទៅថា «មនុស្សមិនពូកែ អាចក្លាយជាមហាសេដ្ឋី » ។

រឿងទី២ : ជេគម៉ា គ្មានសមត្ថភាពរកការងារធ្វើ
នេះជារឿងពិតដែលថា ជេគម៉ា ត្រូវបានគេបដិសេធជាច្រើនកន្លែង មិនព្រមទទួលអោយចូលធ្វើការ ។ ប៉ុន្តែមានរឿងមួយដែលគួររំលឹកឡើងវិញផងដែរថា ជេគម៉ា ជាបុគ្គលម្នាក់ដែលចេះភាសាអង់គ្លេសយ៉ាងស្ទាត់ជំនាញ ហើយគាត់បានក្លាយជាគ្រូបង្រៀនភាសាអង់គ្លេស នៅស្ថាប័នមួយ និងជាគ្រូដ៏មានប្រជាប្រិយភាពម្នាក់ ។ ហើយបន្ទាប់មកទៀត ជេគម៉ា បានបង្កើតក្រុមហ៊ុនបកប្រែភាសា ថៃពួ ដែលជាអាជីវកម្មខ្នាតតូចដំបូងបំផុតរបស់គាត់ ។ ត្រង់នេះអាចនិយាយបានថា ជេគម៉ា មិនមែនគ្មានសមត្ថភាពរកការងារធ្វើទេ គ្រាន់តែពេលនោះជេគម៉ា មិនព្រមរកការងារដែលសាកសមជាមួយភាពខ្លាំងរបស់ខ្លួនប៉ុណ្ណោះ ។ ដូច្នេះ សូមបញ្ឈប់ការគិតទៅថា « មនុស្សគ្មានសមត្ថភាព អាចក្លាយជាមហាសេដ្ឋី » ។

រឿងទី៣ : ជេគម៉ា ជាមនុស្សដែលគ្មានចំណេះដឹងផ្នែកIT តែអាចបង្កើត Alibaba. បានជោគជ័យ
រឿងទី៣នេះ ជារឿងដ៏សំខាន់បំផុត ហើយក៏ជារឿងដែលមនុស្សច្រើននាក់បំផុតបានយល់ច្រឡំផងដែរ ។ ជេគម៉ា បានឈានជើងទៅសហរដ្ឋអាមេរិកលើកដំបូងបំផុត ក្នុងនាមជាអ្នកតំណាងអោយទូតចិន ព្រោះជាបុគ្គលដែលអាចនិយាយភាសាអង់គ្លេសបានយ៉ាងជំនាញ ( មិនមែនទៅដើរកំសាន្តទេ ហើយមនុស្សគ្មានសមត្ថភាពក៏មិនអាចក្លាយជាអ្នកតំណាងអោយចិនដែរ! ) ។ ពេលទៅដល់ទីនោះ ជេគម៉ា បានស្គាល់វេបសាយជាលើកដំបូង បន្ទាប់មកពេលត្រឡប់មកវិញ ជេគម៉ាបានបង្កើតវេបសាយមួយដំបូងបំផុតរបស់ខ្លួនឈ្មោះថា « Yellow China » ។ កំឡុងពេលនោះ ជនជាតិចិន មិនទាន់ដឹងពីវេបសាយទូលំទូលាយនៅឡើយ ក៏ត្រូវបានមនុស្សជាច្រើននិយាយថា វេបសាយរបស់ជេគម៉ា ជាវេបសាយបោកប្រាស់ ។ មានរឿងរ៉ាវជាច្រើនកំឡុងពេលនោះ ធ្វើអោយវេបសាយទី១របស់គាត់បានបរាជ័យ ។ បន្ទាប់មកទៀត ជេគម៉ា បានចូលបម្រើការអោយរដ្ឋ ដោយកាន់មុខងារប្រភេទវេបសាយនេះបន្តទៀត ។ រំលងផុតប៉ុន្មានឆ្នាំក្រោយ ទើបជេគម៉ា សម្រេចដើរចេញមកបង្កើតអាជីវកម្មថ្មីមួយរបស់ខ្លួន ដែលមានឈ្មោះថា Alibaba ហើយហៅខ្លួនឯងថា ជាអ្នកជំនួញអាយធី ។ ជេគម៉ា ចេញវេបសាយថ្មីលើកនេះ ចេញមកទាំងទំនុកចិត្ត ទាំងបទពិសោធន៍ និងការយល់ដឹងជោគជាំផ្នែកវេបសាយ ទោះគាត់មិនមែនអ្នកITក៏ដោយ តែគាត់ធ្លាប់បានបរាជ័យម្តង និងធ្លាប់បម្រើការលើផ្នែកនេះច្រើនឆ្នាំហើយ ទើបបង្កើត Alibaba បានជោគជ័យ ។ ដូច្នេះ សូមបញ្ឈប់ការគិតទៅថា « មនុស្សដែលមិនយល់ពីអាជីវកម្មរបស់ខ្លួន ក៏អាចនាំអាជីវកម្មអោយជោគជ័យ » ។

ពាក្យមួយឃ្លារបស់ជេគម៉ា ដែលខ្ញុំស្រលាញ់បំផុត « បើទោះបីខ្ញុំត្រូវលត់ជង្គង់ ក៏ខ្ញុំត្រូវតែលត់ជង្គង់ រហូតដល់ឆ្លងផុតវិបត្តិសេដ្ឋកិច្ច » ។

សរសេរអត្ថបទដោយ MAY
#បណ្ណាគារOnline

Leave a Reply

Your email address will not be published. Required fields are marked *