អត្ថបទខ្លីៗ, អភិវឌ្ឍខ្លួន

ស្ងៀមស្ងាត់ ជាវិធីដ៏ល្អបំផុត

ជម្រៅនៃមហាសាគរ អ្នកវិទ្យាសាស្រ្ដអាចរាវរកឧបករណ៍វាស់ស្ទង់បាន ដោយឡែក ចិត្ត និងវិញ្ញាណរបស់មនុស្ស ពួកគេពុំអាចវាស់ស្ទង់ដឹងបានឡើយ ។ មនុស្សភាគច្រើននិយាយថា ស្តាប់សម្ដីស្គាល់ចំណេះដឹង មើលកាយវិការស្គាល់ពីចរិតមារយាទ និងសេចក្ដីថ្លៃថ្នូរ ។ ផ្ទុយទៅវិញ បើមនុស្សនោះជាបុគ្គលមានចិត្តអំណត់ ពុំសូវចូលចិត្តនិយាយស្ដី សូម្បីតែរុយទុំមាត់មិនចង់នឹងបក់ផងនោះ តើធ្វើដូចម្ដេចទើបដឹងពីចរិតខាងក្នុងរបស់គេទៅ?

ជាធម្មតាមនុស្សពិការភាព គថ្លង់ពីកំណើត ពួកគាត់ប្រើភាសាកាយវិការជំនួសឱ្យភាសានិយាយស្ដី ។ ចំណែកមនុស្សមួយភាគទៀត គាត់ចូលចិត្តធ្វើគថ្លង់ មិនអើពើនឹងរឿងមួយចំនួន ទោះបីជាកំពុងស្ថិតនៅក្នុងហេតុការណ៍នោះក្ដី ។ គិតច្រើននិយាយតិច ប្រសើរជាងគិតតិចនិយាយច្រើន ។ ធម្មជាតិបានផ្តល់ឱ្យយើងមានភ្នែកពីរ ត្រចៀកពីរ មាត់មួយ ពោលគឺហាក់បីដូចជាបង្រៀនឱ្យយើងដឹងតាំងពីកំណើតមកម៉្លេះថា ស្ដាប់ឱ្យច្រើន សម្លឹងមើលឱ្យបានគ្រប់ជ្រុងជ្រោយ បង្វិលអណ្ដាតឱ្យបានមួយរយជុំសិន សឹមនិយាយចេញមកខាងក្រៅ ។

សម្ដីជាទ្រព្យចាយរាប់មិនអស់ ប្រសិនបើបើយើងចេះប្រើប្រាស់វា ។​ ប៉ុន្តែកាលៈទេសៈខ្លះតម្រូវឱ្យមាត់យើងមានគម្រប ព្រមទាំងចេះដាំដើមគដើម្បីបានសេចក្ដីសុខ ។ អ្នកមានបញ្ញា រមែងមិនពោលពាក្យណាដែលញ៉ាំងនូវប្រយោជន៍ខ្លួនឯង និងអ្នកដទៃឱ្យដល់នូវសេចក្ដីវិនាសនោះទេ ។ សមនឹងសុភាសិតខ្មែរមួយពោលថា “អណ្ដាតជាអាទិ៍កន្លង បានសុខទុក្ខផងក៏ព្រោះអណ្ដាត” និង “នៅស្ងៀមជាជាងស្រដី ស៊ីចេកខ្ចី ជាជាងមាត់ទទេ” ។ មួយវិញទៀត មនុស្សគ្មានឋានៈ សម្តីគ្មានន័យ ចង់សំដៅថា មុននឹងហាមាត់និយាយស្ដី ត្រូវមើលពីមនុស្ស ពេលវេលា និងទីកន្លែងសមគួរដល់ការនិយាយផងដែរ ព្រោះពេលខ្លះទឹកមាត់យើងសាបជាងទឹកទន្លេដល់ទៅមួយរយដង និយាយទៅគ្មានអ្នកចង់ស្ដាប់​ ចង់ដឹងឮឡើយ ។ វាខុសគ្នាស្រឡះពីសម្ដីរបស់អ្នកមានអំណាច និងអ្នកមានទ្រព្យសម្បត្តិស្ដុកស្តម្ភ ទោះបីជានិយាយខំប្រឹងនិយាយខ្សឹបៗយ៉ាងណា ក៏អ្នកក្រោមបង្គាប់នាំគ្នាផ្ចង់អារម្មណ៍ស្ដាប់ដោយយកចិត្តទុកដាក់ដែរ បើករណីស្ដាប់មិនសូវឮច្បាស់ ពួកគេប្រាកដជាកេះគ្នាសួរដេញដោល ថាតើគាត់កំពុងតែនិយាយពីអ្វីទៀតផង?

និយាយច្រើនខុសច្រើន អ៊ីចឹងហើយយើងគួរលះបង់ទម្លាប់ការនិយាយស្ដីច្រើនហួស ដែលជាប្រការនាំឱ្យខាតបង់ប្រយោជន៍ផង និងដើម្បីការពារខ្លួនឱ្យរួចផុតពីកំហុសឆ្គង ដែលកើតចេញពីសម្ដីរបស់ខ្លួនយើងផង ។ ជម្រើសដ៏ល្អបំផុតនោះ គឺស្ងៀមស្ងាត់ពោរពេញទៅដោយថាមពល ។ ថាមពល ក្នុងពេលនេះគឺចង់និយាយថា គ្មាននរណាម្នាក់អាចស្ទង់ដឹងពីចិត្តរបស់យើងបាន ។ ដូច្នេះ យើងនឹងអាចរក្សាឥទ្ធិពលរបស់យើងតាមរយៈភាពស្ងប់ស្ងាត់បានយ៉ាងល្អ ។ នៅស្ងៀមមិនប្រាកដថាគ្មានពិសនោះឡើយ ។

  • អត្ថបទ : នឹម នីបូណា
  • រចនារូបភាព : Bunma
  • រក្សាសិទ្ធ : Book5.biz

Leave a Reply

Your email address will not be published. Required fields are marked *