លើកទឹកចិត្ត, អត្ថបទខ្លីៗ, អភិវឌ្ឍខ្លួន

អត្ថបទអប់រំ : មនសិកា ខ្វះ ឧត្តមគតិ

មនុស្សភាគច្រើនមានមនសិការប៉ុន្តែខ្វះឧត្តមគតិ ហើយវាក៏ជាបញ្ហាមួយដែលគ្រប់គ្នាកំពុងជួបប្រទះ។ មនសិការជាការដឹងនូវអ្វីដែលល្អ និងអ្វីដែលអាក្រក់។ ចំណែកឧត្តមគតិជាការតាំងស៊ប់ទៅនឹងសេចក្ដីល្អ។ តែអ្វីដែលជាបញ្ហានោះគឺ មនុស្សដឹងថាអ្វីល្អអ្វីអាក្រក់តែនៅតែធ្វើអ្វីដែលមិនល្អ។ នេះព្រោះតែពួកគេមិនបានហាត់ពត់លុតដំចិត្តគំនិតខ្លួនឯងឱ្យរឹងមាំ ឬអាចនិយាយម្យ៉ាងទៀតថាមិនអាចរក្សាឧត្តមគតិរបស់ខ្លួនបាន។ វាជារឿងដ៏អស្ចារ្យមួយបើសិនមនុស្សម្នាក់អាចរក្សាឧត្តមគតិរបស់ខ្លួនបាន ពោលគឺមិនមានចិត្តរំជើបរំជួលទោរទន់ទៅតាមមជ្ឈដ្ឋានខាងក្រៅឡើយ។ ដ្បិតភាគច្រើននៅពេលជួបនឹងបញ្ហានោះវានឹងធ្វើឱ្យចិត្តរង្គោះរង្គើររហូតដល់មនុស្សមិនអាចរក្សានូវសេចក្ដីល្អបាន។ មួយវិញទៀតលាភ យសស័ក្ដិ ផលប្រយោជន៍មួយចំនួនធ្វើឱ្យមនុស្សបាត់បង់តម្លៃជាខ្លួនឯង ដែលនេះហើយទើបយើងមិនងាយជួបប្រទះមនុស្សដែលអាចតាំងចិត្តឱ្យនឹងនរបាននោះទេ។

បើតាមមហាត្មៈគន្ធីបាននិយាយថា “ចំណេះដឹងមិនជ្រាបជាចរឹត” ដែលជាអំពើបាបមួយក្នុងចំណោមអំពើបាបទាំង៧នៅក្នុងសង្គម។ នេះសរបញ្ជាក់ឱ្យឃើញថាមនុស្សមានចំណេះដឹង​​ ដឹងថារឿងនេះធ្វើទៅនឹងទទួលបានផលដូចម្ដេច ដឹងថាល្អ ដឹងថាអាក្រក់ហើយប៉ះពាល់អ្វីខ្លះមកលើខ្លួនឯង និងអ្នកដទៃតែពួកគេនៅតែប្រព្រឹត្តនូវអ្វីដែលខ្លួនដឹងថាមិនល្អនោះដដែល។ ខ្ញុំជឿថាអ្នកទាំងអស់គ្នាក៏ធ្លាប់ជួបនៅអ្វីដែលបានលើកឡើងខាងលើនេះដែល ដ្បិតដឹងថាមិនល្អតែមិនអាចគ្រប់គ្រងចិត្តមិនឱ្យធ្វើនូវរឿងទាំងនោះបាន។ ហើយនេះជាអ្វីដែលមនុស្សគ្រប់គ្នាតែងជួបប្រទះ គឺមិនងាយនឹងមានមនុស្សណាដែលអាចធ្វើបានតាមអ្វីដែលខ្លួនចេះដឹងបានគ្រប់យ៉ាងឡើយ។

ការរក្សាឧត្តមគតិប្រៀបដូចជាការដើរលើខ្សែពួរមួយខ្សែអញ្ចឹង បើអ្នកមិនអាចរក្សាលំនឹងខ្លួនរបស់អ្នកបានល្អទេ អ្នកនឹងធ្លាក់ចុះមកក្រោមជាមិនខាន។ ដើម្បីឱ្យចិត្តមានលំនឹងអ្នកត្រូវតែមានការហ្វឹកហាត់ចិត្តគំនិតក្នុងរយៈពេលវែង ដោយមិនអាចធ្វើក្នុងពេលខ្លីបានទេ​ ហើយទោះបីជាយ៉ាងណាក៏អ្នកនៅតែអាចភ្លេចខ្លួននៅពេលណាមួយដូចជា ពេលជួបនឹងបញ្ហាដែលធ្វើឱ្យខ្លួនឯងគ្មានជម្រើសដោយងាកទៅចាប់យកមាសប្រាក់បុណ្យស័ក្ដិជំនួសវិញ។

សរុបមកវិញ ការតាំងចិត្តឱ្យនឹងនរពិតជាសំខាន់ខ្លាំងណាស់ ហើយវាក៏ជាអ្វីដែលធ្វើឱ្យមនុស្សម្នាក់មានតម្លៃ និងមានការគោរពសរសើរដូចគ្នា។ អ្វីដែលមានតម្លៃតែងតែពិបាករក ធ្វើខ្លួននិងចិត្តគំនិតឱ្យមានតម្លៃរឹតតែពិបាកថែមទៀត។ មានតែការព្យាយាមម្ដងបន្តិចៗតែប៉ុណ្ណោះទើបអាចរក្សាតម្លៃរបស់ខ្លួនបាន។ បើមិនព្យាយាមទេអ្វីដែលនៅខាងក្រៅនឹងទាញយើងឱ្យបាត់បង់នូវតម្លៃទាំងនោះជាមិនខានឡើយ៕

  • អត្ថបទ : ស្រមោចក្រហម
  • រចនារូបភាព : May
  • រក្សាសិទ្ធ : Book5.biz
  • បម្រាម : ការចំលងយកអត្ថបទ និង រូបភាពពីវេបសាយយើងខ្ញុំទៅប្រើប្រាស់បន្តដើម្បីគេងយកប្រយោជន៍ផ្ទាល់ខ្លួន ដោយមិនបានសុំការអនុញ្ញាតពីយើងខ្ញុំជាមុន ត្រូវចាត់ទុកថាបានរំលោភកម្មសិទ្ធបញ្ញា និង ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ។ សូមអរគុណ !

Leave a Reply

Your email address will not be published. Required fields are marked *