ចំណេះដឹងទូទៅ, ជីវប្រវត្តិ

” អធិរាជសម្លេងមាស ស៊ីន ស៊ីសាមុត ” តារាចម្រៀងជើងចាស់ ប្រចាំទស្សវត្សទី៦០

លោក ស៊ីន ស៊ីសាមុត គឺជាអ្នកនិពន្ធបទចម្រៀង និងជាអ្នកចម្រៀងខ្មែរដ៏ល្បីល្បាញម្នាក់ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជនខ្មែរទាំងមូល ។ គាត់មានរហ្សនាមថា ” អធិរាជសម្លេងមាស ” ។

រូបភាព : លោក ស៊ីន ស៊ីសាមុត កាលពីក្មេង

លោក ស៊ីន ស៊ីសាមុត បានចាប់កំណើតនៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ១៩៣២ នៅខេត្តស្ទឹងត្រែង ដែលលោកជាកូនប្រុសពៅក្នុងចំណោមបងប្អូន៤នាក់ ( ប្រុស២ ស្រី២ ) លោកឪពុករបស់លោកមានឈ្មោះថា ស៊ីន លាង និង ម្តាយឈ្មោះ ស៊ីប ប៊ុនលឿ ។ អធិរាជសម្លេងមាសរូបនេះ បានចូលរៀននៅសាលាបឋមសិក្សា ខេត្តស្ទឹងត្រែងតាំងពីអាយុ៥ឆ្នាំម្ល៉េះ ។ លោកមាននិស្ស័យខាងសិល្បៈតាំងពីអាយុ៦ឆ្នាំ ឬ ៧ឆ្នាំ ដោយចូលចិត្តកូតទ្រ ដេញហ្គីតា និង ចាប៉ី។ទោះបីជាលោកមានការមមាញឹកនឹងកិច្ចការរៀនសូត្រយ៉ាងណាក្តី ក៏លោកនៅតែអាចឆ្លៀតពេលទំនេរ​ដើម្បីច្រៀង និង និពន្ធបទភ្លេងដែរ ។ ដោយមានការគាំទ្រពីមិត្តភក្តិ លោកក៏ចាប់ផ្តើមក្លាយជាក្មេងល្បីក្នុងសាលា នឹងត្រូវបានមិត្តរួមសាលាពោលសរសើរថា ជាក្មេងដែលមានទេពកោសល្យផ្នែក សិល្បៈតន្រ្តី និង ចម្រៀង ហើយចាប់តាំងពីពេលនោះមក លោកក៏ត្រូវបានគេស្នើរសុំអោយឡើងច្រៀង នៅរាល់កម្មវិធីរបស់សាលា ។ ដោយមានភាពល្បីល្បាញខ្លាំងទៅៗ លោកបានបង្កើតក្រុមតន្រ្តីមួយឈ្មោះថា ” ព្រះចន្ទ័រស្មី ” ដែលមានសមាជិក ៩នាក់ ប្រមូលបានសន្ទុះនៃការគាំទ្រដ៏សម្បើម ពីសំណាក់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ។

រូបភាព : លោកស៊ីន ស៊ីសាមុត និង មិត្តរួមក្រុម ប្រភព : http://www.chanbokeo.com/

ពេលនោះក្រុមតន្រ្តីរបស់លោក ត្រូវបានវិទ្យាជាតិអញ្ជើញអោយចូលប្រគុំ រួមជាមួយក្រុមតន្ត្រីវិទ្យាជាតិឈ្មោះ ” រាជសីហ៍ ” ។ ពេលកិត្តិសព្ទរបស់លោកចាប់ផ្តើមល្បីពាសពេញភ្នំពេញ លោកក៏ក្លាយជាអ្នកចម្រៀងពាក់កណ្តាលអាជីព ដោយជារឿយៗលោកតែងតែចេញច្រៀងតាមវិទ្យុ និង ពិធីមង្គលការផ្សេងៗ ។

រូបភាព : លោក ស៊ីន ស៊ីសាមុត ពេលនៅលើឆាក ប្រភព : http://www.winn2888.com

ពេលដែលកម្ពុជាបានទទួលឯករាជ្យពីបារាំងពេញលេញនៅឆ្នាំ ១៩៥៣ លោកក៏ចាប់ផ្តើមអាជីពជាសិល្បកររបស់លោក ដោយក្លាយជាអ្នកចម្រៀងប្រចាំអោយស្ថានីយ៍វិទ្យុជាតិ ។ រាល់បទចម្រៀងរបស់លោក ជាទូទៅមានលក្ខណៈមនោសញ្ចេតនា អន្លង់អន្លោច ដោយឆ្លុះបញ្ចាំងអំពីស្នេហាសុភមង្គល ឈឺចាប់ និង អារម្មណ៍ស្រមើលស្រមៃ ។ ភាពជោគជ័យក្នុងអាជីពសិល្បៈរបស់លោក កើតឡើងដោយសារតែលោកព្យាយាមដុសខាត់ទេពកោសល្យដែលមានពីកំណើត និង ខិតខំហ្វឹកហាត់បន្ថែម រហូតក្លាយខ្លួនជាសិល្បករដ៏ល្បីល្បាញមួយរូបប្រចាំប្រទេស ។

រូបភាព : លោក ស៊ីន ស៊ីសាមុត និង មិត្តរួមអាជីព ប្រភព : http://den-sharing.com

ចម្រៀងភាគច្រើនរបស់លោក ផ្អែកលើជីវិតពិត និង អារម្មណ៍របស់អ្នកស្តាប់ ។ ព្រោះតែអ្នកស្តាប់តែងតែយករឿងរ៉ាវផ្ទាល់ខ្លួនគេ មានទាំងស្នេហានិងការបាត់បង់ សប្បាយនិងឈឺចាប់ មកត្អូញត្អែររាយរ៉ាប់ប្រាប់កវីជើងចាស់រូបនេះ ទើបលោកនិពន្ធបទចម្រៀង ដែលកើតចេញពីមនោសញ្ចេតនា និង ពិតរបស់មនុស្ស ។ នៅពេលដែលលោកច្រៀងម្តងៗ លោកតែងតែមានការប្រុងប្រយត្ន័ ក្នុងការបញ្ចេញសម្លេងអោយបានត្រឹមត្រូវ តាមការសរសេរ ដោយមិនប្រើសំនៀងក្នុងការនិយាយនោះទេ ។ ហើយសំនៀងដ៏ក្រអួនមានទឹកដមរបស់លោក គឺអាចបត់បែន កាច់កុងបានគ្រប់កាលៈទេសៈ មិនភ្លាត់ភ្លាវ ហើយខ្យល់សំនៀងរបស់លោក គឺណែនពិរោះ ច្បាស់គ្មានបន្លំ គ្មានលួចបំភ័ន្តអ្នកស្តាប់សូម្បីមួយឃ្លាណាឡើយ ។ សូរសព្ទ័សំនៀង ដែលលោកបន្លឺពេញចំពាក្យខ្មែរ ត្រូវតាមអក្ខរាវិរុទ្ធ ហើយអឺនសម្លេងទៀតសោតនោះ ទោះជាដាក់ទាបឬលើកខ្ពស់ ក៏លោកនៅតែអាចរក្សាបាននូវកម្រិតសម្លេងដដែរ ហាក់គ្មានប្រឹងឬបង្ខំបន្តិចណាឡើយ ។

រូបភាព : Poster បទចម្រៀង បាត់ដំបងបណ្តូលចិត្ត ប្រភព : សូមClick លើរូបភាព

នៅពាក់កណ្តាលទស្សវត្សរ៍ឆ្នាំ៥០ បទវីយូឡុងស្នេហា ដែលនិពន្ធដោយតន្ត្រីករ ហាស សាឡន បានជំរុញកិត្តិសព្ទ័លោក អោយកាន់តែល្បីរន្ទឺ ។ បទចម្រៀងល្បីៗរបស់លោក ក្នុងសម័យនោះមានជាច្រើនដូចជា : បទស្រីស្រស់ក្មេង បទអនុស្សវរីយ៍ភ្នំក្រវាញ​ បទចុងស្រល់ បទថ្ងៃ១២ធ្នូ បទកាកី បទថ្ងៃ១កក្កដា បទសម្រស់ឆ្នេរកែប បទស្ទឹងពោធិ៍សាត់ និងបទព្រែកឯងជាដើម។

រូបភាព : Poster បទស្រីស្រស់ក្មេង ប្រភព : សូមចុចលើរូបភាព

នៅឆ្នាំ១៩៦៣ លោក ស៊ីន ស៊ីសាមុត​ បានចាប់ផ្តើមថតចម្រៀងអោយផលិតកម្មវត្តភ្នំ ។ នាពេលនោះ បទចំប៉ាបាត់ដំបង បានឆក់យកបេះដូងអ្នកស្តាប់ទូទាំងប្រទេស ។ នៅក្នុងបទសម្ភាស៍មួយ រៀបចំឡើងនៅឆ្នាំ១៩៧១ ដោយទូរទស្សន៍សាធារណរដ្ឋ អ្នកសម្ភាស៍លោកបានរំលឹកឡើងថា បទចំប៉ាបាត់ដំបង នេះជាបទដំបូងបង្អស់ដែលបានចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ ដើម្បីអបអរសាទរពិធីសម្ភោធស្ថានីយ៍របស់ខ្លួននាឆ្នាំ ១៩៦៥ ។

រូបភាព : Poster បទ ចំប៉ាបាត់ដំបង ប្រភព : សូមចុចលើរូបភាព

កិត្តិសព្ទ័របស់លោក ឡើងដល់កម្រិតកំពូលនៅពាក់កណ្តាលទស្សវត្សទី៦០ ។ លោកបានចូលរួមថតបទចម្រៀងថ្វាយព្រះបាទនរោត្តមសីហនុ ដូចជា បទរាត្រីដែលបានជួបភក្រ្ត័ និង បទភ្នំពេញ ។ នៅចុងទស្សវត្សទី៦០ និងដើមទស្សវត្សទី៧០ លោកបានចាប់ផ្តើមថតបទចម្រៀង ដាក់ក្នុងភាពយន្តពេញនិយមមួយចំនួននាសម័យនោះ មានដូចជា រឿងអនអើយស្រីអន រឿងទិព្វសូដាចន្ទ័ និង រឿងថាវរីមាសបង ។ ក្នុងរឿងពៅឈូកស ដឹកនាំថតដោយលោក ទា លឹមកាំង សម្តែងដោយ ជា យុតថន និង អ្នកស្រី ឌីសារ៉េត  បទនារីជីវិត របស់លោក ស៊ិន ស៊ីសាមុត កាន់តែជំរុញអោយផ្ទៃរឿងនេះមានភាពកំសត់ទ្វេដង និង ទទួលបានការគាំទ្រដ៏គួរអោយភ្ញាក់ផ្អើល ។

រូបភាព : Poster រឿងពៅឈូកស ប្រភព : សូមចុចលើរូបភាព

រូបភាព : អ្នកដឹកនាំ និង សិល្បករដែលចូលរួមសម្តែង ប្រភព : http://www.chanbokeo.com

លោកស៊ិន ស៊ីសាមុត បានទទួលមរណភាពក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ ១៩៧៦ ។ ក៏ប៉ុន្តែរហូតមកដល់បច្ចុប្បន្ន អធិរាជសម្លេងមាសរូបនេះ នៅតែមានភាពល្បីល្បាញដោយសារទឹកដមសម្លេងដ៏ក្រអួនក្រអៅ ពិរោះរណ្តំចិត្ត អន្លង់អន្លោច សប្បាយ​ កំសត់ ខ្លោចផ្សា ដែលជាស្នាដៃនិពន្ធ ផ្ទាល់របស់លោក និងអ្នកនិពន្ធដទៃរួមជំនាន់ ។ ទោះជាយ៉ាងណាក្តី ថ្វីត្បិតតែលោកបាត់បង់ជីវិតទៅហើយក៏ពិតមែន ក៏បទចម្រៀងរបស់លោក នៅតែបន្តមានជីវិតរស់រវើកដក់ជាប់ក្នុងដួងចិត្តប្រជាជនកម្ពុជាដដែរ ។

  • អត្ថបទ : កី​ សុខលីម
  • រចនារូបភាព(Cover) : យី វួចគីម
  • រក្សាសិទ្ធ : Book5.biz

Leave a Reply

Your email address will not be published. Required fields are marked *