ចំណេះដឹងទូទៅ, ជីវប្រវត្តិ

កូនចាបមាស ហើរកាត់ព្យុះភ្លៀងជីវិត ក្លាយជាអ្នកនិពន្ធវ័យក្មេង

ក្នុងនាមជាយុវវ័យ មានបេះដូង ចិត្ត វិញ្ញាណ និង ធម្មជាតិជាមនុស្ស យើងពិតជាជៀសមិនផុតពីការមានវិបត្តិ និងរឿងរ៉ាវផ្លូវចិត្តជាច្រើនដែលស្រាយមិនចេញ ។ យុវវ័យជាច្រើន សុទ្ធសឹងតែធ្លាប់ស្ថិតក្នុងដំណាក់កាលមួយ ដែលមានបេះដូងទន់ជ្រាយ ងាយរងភាពឈឺចាប់ ងាយជួបប្រទះភាពខូចចិត្ត​ ងាយគិតរវើរវាយផ្តេសផ្តាស រហូតមានយុវវ័យមួយចំនួន ធ្លាក់ចូលទៅក្នុងស្ថានភាព ជម្ងឺបាក់ទឹកចិត្ត ទៀតផង ។ ក្នុងភាពងងឹតតែងមានពន្លឺ បើមានបញ្ហា ត្រូវមានទីប្រឹក្សាមកជួយដោះស្រាយ ។  សៀវភៅ « វិញ្ញាសាជីវិត» ដែលប្រសូតចេញពីសំណេររបស់កវីខ្លួនតូច « កូនចាបមាស » បានចូលខ្លួនមកធ្វើជាទីប្រឹក្សា ដោះស្រាយនូវវិបត្តិផ្លូវចិត្ត រហូតក្លាយជាសៀវភៅលើកទឹកចិត្ត ដ៏ល្បីល្បាញមួយក្បាលក្នុងស្រទាប់យុវវ័យ ។

តើលោកអ្នកចង់ដឹងដែរឬទេថា “កូនចាបមាស“ ជានរណា? មានប្រវត្តិបែបណា ? ហើយកញ្ញា ក្លាយជាកវីនិពន្ធល្បីល្បាញបែបនេះ បានដោយរបៀបណា ?

ខ្ញុំជឿជាក់ថាប្រិយមិត្តអ្នកអានពិតជាចង់ដឹង ចង់ឮយ៉ាងខ្លាំងអំពីកវីនិពន្ធវ័យក្មេងរូបនេះ……

« កូនចាបមាស » ជារហស្សនាមរបស់អ្នកនិពន្ធវ័យក្មេងម្នាក់ ដែលមានឈ្មោះពិត សែត ហត្ថា ជាម្ចាស់ស្នាដៃសៀវភៅដ៏ល្បីល្បាញ ៣ក្បាលគឺ « វិញ្ញាសាជីវិត កាដូជីវិត និង ខ្យល់ដង្ហើម » ។ បើយើងបង្វិលពេលវេលាថយក្រោយ ត្រឡប់ទៅមើលអតីតកាលវិញ យើងនឹងដឹងថាទម្រាំតែ ហត្ថា អាចក្លាយជាអ្នកនិពន្ធអាជីពបាន គឺគាត់ត្រូវហែលឆ្លងព្យុះភ្លៀងក្នុងជីវិតមិនតិចនោះទេ ។ ស្រីតូច សម្បុរស្រឯមរូបនេះ ធ្លាប់បោះបង់ការសិក្សានៅថ្នាក់អនុវិទ្យាល័យម្តងរួចមកហើយ ដោយសារតែជីវភាពគ្រួសារក្រីក្រលំបាកពេក ។ ឪពុកគាត់មានមុខរបរជាអ្នកឡើងត្នោត ហើយម្ដាយជាអ្នកប្រកបរបរ ធ្វើស្រែចំការ ដាំបន្លែ និងចិញ្ចឹមសត្វតិចតួចនៅផ្ទះតែប៉ុណ្ណោះ ។ ក្នុងនាមជាកូនច្បងក្នុងគ្រួសារ ដែលមានបន្ទុកបងប្អូន ៥នាក់ ហត្ថា សម្រេចចិត្តក្រោកឈរស្វែងរកចំណូលជួយជ្រោមជ្រែងគ្រួសារ ដោយបានទៅសុំជ្រកក្រោមដំបូលផ្ទះគេនាខេត្តបាត់ដំបង  ហើយធ្វើការប្តូរយកប្រាក់ខែចិញ្ចឹមក្រពះបន្តិចបន្តួច ដោយធ្វើជាអ្នកចាំចំការ លក់ដូរ មើលថែកូនម្ចាស់ផ្ទះ និងរ៉ាប់រងកិច្ចការងារផ្ទះជាច្រើនថែមទៀតផង។

កូនចាបតូច ដែលរងារឆ្ងាយផ្ទះសម្បែងតូចល្អិតសឹងមើលមិនឃើញ​ បែរជាមានមហិច្ឆតារឹងមាំ  និង ធំធេង ។ កញ្ញា សែត ហត្ថា បានសម្រេចចិត្តពុះពារបន្តការសិក្សា ព្រោះតែគំនិតដែលយល់ឃើញថា ប្រសិនបើឈប់រៀនអនាគតប្រាកដជាលំបាក និងមិនអាចសម្រេចក្ដីស្រមៃរបស់កញ្ញាបានឡើយ ។ ក្មេងស្រីក្រីក្រម្នាក់នេះ គ្មានសម្លៀកបំពាក់ល្អៗ គ្មានសូម្បីទ្រនាប់ជើងសមរម្យមួយគូ កុំថាឡើយប្រាក់សម្រាប់សិក្សាឱ្យគ្រប់គ្រាន់នោះ ។  កូនចាបរងាឯកាក្រោមដំណក់ទឹកភ្លៀងក៏ពិតមែន តែចាបមួយនេះ ជាចាបតូចក្បាលរឹង ចិត្ត និង វិញ្ញាណស្រោបទៅដោយមាស មិនថាជួបឧបសគ្គយ៉ាងណា ក៏ចាបមួយនេះ​ នៅតែព្យាយាមហើរឆ្ពោះទៅមុខ ដោយស្លាបទាំងគូរបស់ខ្លួនមិនព្រមបោះបង់ ។ ហត្ថា ក៏បានរៀនបញ្ចប់ថ្នាក់ទី១២ នៅឆ្នាំ២០១៣ ហើយបានជាប់អាហាររូបករណ៍ពីរជំនាញ គឺពត៌មានវិទ្យា និង ច្បាប់ ។

នាងតូចចិត្តធំម្នាក់នេះ មានទេពកោសល្យ និងស្រឡាញ់ខាងសំណេរ ដោយចាប់ផ្ដើមតាំងពីថ្នាក់ទី៧ ក្នុងការនិពន្ធរឿងប្រលោមលោក ចំរៀង កំណាព្យ និងសរសេរអត្ថបទខ្លី ដោយហេតុមានទឹកចិត្តស្រឡាញ់ជាមួយថ្វីដៃដ៏ប៉ិនប្រសប់ ។ កញ្ញាក៏បានបង្ហាញស្នាដៃមួយចំនួន ដែលរៀបរាប់ពីទស្សនៈជីវិតមនុស្សទូទៅ តាមរយៈកម្មវិធី « កម្លាំងបណ្តាលចិត្តអ្នកនិពន្ធ » ដែលសិក្សាស៊ីជម្រៅលើស្នាដៃនិពន្ធនៅសាកលវិទ្យាល័យ Zaman កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ ។ កវីនិពន្ធវ័យក្មេង មកពីខេត្តពោធិ៍សាត់រូបនេះ បានចែករំលែកនូវចំណេះដឹងអប់រំល្អៗ ព្រមទាំងបញ្ចេញទស្សនជីវិតជាច្រើនផងដែរ ។ ជាពិសេសស្នាដៃសរសេរសៀវភៅមួយចំនួនរបស់កញ្ញា ដែលកំពុងកក្រើកទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ។ ការសរសេរទាំងអស់នេះ កើតចេញពីបទពិសោធន៍ជីវិតផ្ទាល់ខ្លួន ព្រមទាំងការសិក្សាស្រាវជ្រាវអានសៀវភៅបន្ថែម និងការស្ដាប់មនុស្សជុំវិញខ្លួននិយាយពីបញ្ហាជីវិត ដែលជាកត្តាជម្រុញឲ្យកញ្ញា កាន់តែមានគំនិតទូលំទូលាយបន្ថែមក្នុងការសរសេរគួរជាទីពេញចិត្ត ។

ទាំងនេះជាជីវប្រវត្តិពិតរបស់ « កូនចាបមាស » ដែលបានបង្ហាញពីការតស៊ូព្យាយាមគួរឲ្យកោតសរសើរ បូករួមទាំងទេពកោសល្យស្នាដៃតែងនិពន្ធរបស់ កញ្ញា ។ ភាពជោគជ័យរបស់គាត់ ជាមេរៀនដែលយើងគួរតែសិក្សា និង ស្វែងយល់​។ អ្វីក៏ដោយឱ្យតែព្យាយាម អ្វីក៏ដោយឱ្យតែមិនបោះបង់ យើងពិតជាអាចសម្រេចវាបានដោយភាពជោគជ័យ ។

 

សរសេរអត្ថបទដោយ : កូនក្មេង

Leave a Reply

Your email address will not be published. Required fields are marked *