ចំណេះដឹងទូទៅ

ខ្មែរប្រឈម មុខនឹង ការបាត់បង់អត្តសញ្ញាណជាតិ

នៅក្នុងសម័យសង្គមរាស្ត្រនិយម ដែលដឹកនាំដោយព្រះបាទនរោត្តម សីហនុ​ យើងសង្កេតឃើញថាប្រទេសកម្ពុជាមានការរីកចម្រើនស្ទើរគ្រប់វិស័យ ជាពិសេសលើវិស័យសំណង់ស្ថាបត្យកម្ម ។ក្នុងសម័យនោះ កម្ពុជាចាប់ផ្ដើមមាននូវសំណង់ស្ថាបត្យកម្មបែបទំនើប​ ដែលបង្កប់ពីអត្ថន័យយ៉ាងជ្រាលជ្រៅនៃរចនាបទស្ថាបត្យកម្មរបស់ខ្មែរ ។  ប៉ុន្តែជារឿងអកុសលដ៏គួរឱ្យសោកស្ដាយ កំឡុងពេលប្រទេសកំពុងតែអភិវឌ្ឍ ខ្មែរបែរជាប្រឈមមុខនឹងសង្គ្រាមសាជាថ្មីម្ដងទៀត នៅក្នុងឆ្នាំ ១៩៧៥ ដែលជាសម័យខ្មែរក្រហម ធ្វើឱ្យសន្ទុះនៃការរីកដុះដាលរបស់កម្ពុជា ត្រូវបានធ្លាក់ចុះយ៉ាងគំហុក ។ លើសពីនេះទៅទៀត សម័យនោះបានបំផ្លាញប្រទេសកម្ពុជាស្ទើរហិនហោច ហើយអ្នកប្រាជ្ញក៏ដូចជាបញ្ញវន្តមួយចំនួនធំ ត្រូវបានសម្លាប់រង្គាលយ៉ាងព្រៃផ្សៃ ដែលនាំឱ្យខ្មែរបាត់បង់អ្នកចេះដឹងជាច្រើនក្នុងរយៈពេលដ៏ខ្លី ។

ប្រៀបបាននឹងពន្លឺភ្លើងទៀន ដែលកំពុងបញ្ចេញរស្មីម្ដងទៀត កម្ពុជាក្នុងពេលបច្ចុប្បន្នចាប់ផ្តើមមានការអភិវឌ្ឍជាថ្មី ដោយក្នុងប្រទេសមានហេដ្ឋារចនាសម្ព័ន្ធរៀបរយ និងពោរពេញដោយសំណង់អាគារខ្ពស់ៗ យ៉ាងប្រណីត ដែលត្រូវបានបណ្ដាក់ទុនជាមួយភាគីបរទេសរីកដុះដាលពេញទីក្រុង ។

ទន្ទឹមគ្នានឹងការអភិវឌ្ឍទាំងនោះ យើងសង្កេតឃើញថា កម្ពុជាកំពុងប្រឈមមុខជាមួយនឹងបញ្ហាដ៏ធំមួយ គឺការបាត់បង់នូវអត្តសញ្ញាណជាតិរបស់ខ្លួន ដោយសារវប្បធម៌បរទេសជាច្រើនកំពុងហូរចូលក្នុងប្រទេស ប្រកួតប្រជែងគ្នាជាមួយវប្បធម៌ជាតិ ។ ម្យ៉ាងបើយើងក្រឡេកទៅមើលអាគារមួយចំនួនធំ មិនថាជាប្រភេទអាគារខ្ពស់ឬទាប ឬសូម្បីតែគេហដ្ឋានរបស់ប្រជាជនសព្វថ្ងៃ យើងសឹងតែមើលមិនដឹងពីរចនាបទរបស់ខ្មែរ។ លើសពីនេះទៅទៀតស្របពេលដែលកំពុងតែមានការអភិវឌ្ឍយ៉ាងសកម្ម យើងបែរជាមានកង្វះខាតខាងផ្នែកអភិរក្សទៅលើអ្វីដែលជាអត្តសញ្ញាណជាតិ ។ ជាពិសេសសំណង់ស្ថាបត្យកម្មបុរាណ ដែលត្រូវបានលុបបំបាត់ម្ដងបន្តិចៗ ។ ដោយយោងតាមអត្ថបទរបស់លោក សូវី ទិវា (២០១៧) ទម្រង់ផ្ទះបុរាណខ្មែរ ដែលស្ទើរតែបាត់បង់បានលើកឡើងថា បើមិននិយមផ្ទះបុរាណខ្មែរ ថ្ងៃអនាគតខ្មែរនឹងបាត់បង់អត្តសញ្ញាណរបស់ខ្លួន ។បញ្ហានេះកំពុងក្លាយជាបញ្ហាដ៏រសើបសំរាប់សង្គមសព្វថ្ងៃ នឹងទាមទារឱ្យមានដំណោះស្រាយដាច់ខាតទៅលើបញ្ហាទាំងនេះ ។ បើមិនដូច្នេះទេ អ្នកជំនាន់ក្រោយកម្ពុជា ក្នុងពេលអនាគតនឹងក្លាយជាមនុស្សបាត់ការចងចាំលែងចាំអ្វី ដែលជារបស់ខ្មែរ។ មិនស្គាល់សូម្បីតែអត្តសញ្ញាណជាតិរបស់ខ្លួន ។ យើងទាំងអស់គ្នាមានតម្រូវការចង់ឱ្យប្រទេសអភិវឌ្ឍ ប៉ុន្តែយើងគ្មានតម្រូវការចង់ឱ្យប្រទេសលុបបំបាត់ការអភិរក្សទេ។

 

សរសេរអត្ថបទដោយ : យី វួចគីម

កែសម្រួលដោយ : BOOK5

រូបភាព : SOVARIN Magazine

 

 

Leave a Reply

Your email address will not be published. Required fields are marked *