ទីប្រឹក្សាសៀវភៅ

នារីប្រពៃ សៀវភៅដែលសុភាពនារីគ្រប់រូបមិនគួររំលង !

​​​សង្គមកម្ពុជា គឺជាប្រទេសដែលមានវ័យចំណាស់ជាយូរលង់ណាស់មកហើយ នៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍ ហើយជនជាតិខ្មែរនៅក្នុងអតីតកាល ក៏មានផ្នត់គំនិត និង ជំនឿផ្សេងៗ ដែលបានដក់ជាប់ក្នុងសន្តានចិត្តមិនងាយសាបសូន្យឡើយ ។ ជំនឿ និង ផ្នត់គំនិតទាំងអស់នោះ បានស្ថិតនៅក្នុងដួងចិត្តរបស់ពួកគាត់សម្រាប់ការរស់នៅប្រចាំថ្ងៃ ។ នៅក្នុងតថភាពនៃការរស់នៅនោះ ក៏បានឆ្លុះបញ្ចាំងពីវាសនានារីខ្មែរ​ដែលត្រូវបានទទួលរងនូវការគាបសង្កត់ដោយសារទម្លាប់សង្គម គឺតម្រូវអោយស្ត្រីទទួលរ៉ាប់រងនូវកិច្ចការងារផ្ទះសម្បែងជាច្រើន ហើយមិនបានផ្តល់សិទ្ធិសេរីភាព ទៅលើការរៀនសូត្របានជ្រៅជ្រះដូចជាបុរសនោះទេ ។ ដោយឆ្លងកាត់នូវបទពិសោធន៍ជីវិតបែបនេះហើយ ទើបមានយុវតីម្នាក់ឈ្មោះ ថុន ថាវរី បានប្តេជ្ញាតស៊ូជម្នះនូវបរិបទសង្គមដ៏អយុត្តិធម៌ ហើយក្រោកឈររើបម្រាស់ដើរតាមក្តីស្រមៃរបស់ខ្លួន រហូតបានសម្រេចចិត្តចងក្រងនូវសៀវភៅតូចស្តើងមួយក្បាល មានចំណងជើងថា “នារីប្រពៃ” ​ដែលមានកម្រាស់ ២២១ទំព័រ​ និង ប្រកបទៅដោយអត្ថន័យគ្រប់រសជាតិ ជាច្រើនឥតគណនាផងដែរ​។

​តាមរយៈការសិក្សានូវខ្លឹមសារអត្ថបទខាងលើនេះ បានពន្លេចអោយឃើញពីអត្ថន័យយ៉ាងជ្រាលជ្រៅ នៃចំណុចឃ្លោងឃ្លាសំខាន់ៗ ដោយបង្ហាញពីភាពជាក់ស្តែងនូវបរិបទសង្គម ព្រមទាំងរឿងរ៉ាវព្រឹត្តិការណ៍នៃជីវិត​រស់នៅរបស់ប្រជាជន។ លើសពីនេះទៅទៀតនោះ គឺការលាតត្រដាងពីជីវិតពិតរបស់ស្ត្រី ដែលមានការប្រកាន់នូវផ្នត់គំនិតចាស់បុរាណ មិនឱ្យស្ត្រីទទួលបានការអប់រំខ្ពង់ខ្ពស់ ឬ​ ដើរហើរបានឆ្ងាយដូចបុរសឡើយ ។

ជាការពិតណាស់ សង្គមជាគំនាបដោយប្រយោលមួយរបស់នារី ដែលត្រូវទទួលបន្ទុក រ៉ាប់រងកិច្ចការផ្ទះសម្បែងជាច្រើនវិលចុះវិលឡើង តែនឹងចង្ក្រានជើងឆ្នាំង សព្វគ្រប់កិច្ចការឥតល្ហែ ដូចដែលទស្សនៈបុរាណខ្លះបានលើកឡើងថា ស្ត្រីបង្វិលចង្ក្រានមិនជុំ ។ ដោយការយល់ឃើញថាទោះបីជាស្ត្រី ប្រឹងប្រែងខ្ពស់ហួសមេឃ​ ខំបំបែកអាកាសរំលងមហាសមុទ្រឆ្ងាយយ៉ាងណាក៏ដោយ​ ក៏ស្ត្រីគង់ជៀសមិនផុតពីត្រូវរៀបការធ្វើជាភរិយាគេ បង្កើតកូនឱ្យគេ និងនៅតែផ្ទះបម្រើគ្រួសារដដែល ។ រាល់ការយល់ឃើញរបស់ចាស់បុរាណ មានទាំងភាពវិជ្ជមាន និង ភាពអវិជ្ជមាន​ ដោយសម្អាងឃើញថា ក៏មានចំណុចខ្លះ ដែលល្អវិសេសនោះ គឺការអប់រំទូន្មានប្រៀនប្រដៅកូនស្រីក្នុងការជ្រើសរើសគូស្រករ ការហាមប្រាមចំពោះការធ្វើដំណើរឆ្ងាយយប់ព្រលប់ និងឱ្យកូនស្រីចេះរៀបចំឥរិយាបទ សុភាពរាបសាថ្លៃថ្នូរ ដែលជាតម្លៃយ៉ាងប្រពៃមួយរបស់នារីខ្មែរ​។

ទន្ទឹមជាមួយគ្នានេះដែរ បើយើងបង្វិលនេត្រាមើលពីពេលវេលាក្នុងអតីតកាល ពិតណាស់វាមានរសជាតិល្វីងជូរចត់ ដែលស្ត្រីគ្មានសិទ្ធិទទួលបានការអប់រំ ការលើកទឹកចិត្ត ហើយក៏គ្មាននរណាម្នាក់ក្រោកឈរប្រឆាំងនឹងជីវិតគ្មានសេរីភាពរបស់ស្ត្រី ប្រៀបដូចឃ្លាមួយថា កង្កែបក្នុងអណ្តូង ងើយមើលមេឃឃើញមេឃប៉ុនមាត់អណ្តូង ។ ប្រសិនបើយើងក្រលេកទៅមើលពីជីវិតក្មេងស្រីម្នាក់ ដែលធ្លាប់រស់នៅលើកោះតាមដងទន្លេបាសាក់ ដែលមានជីវភាពសាមញ្ញវិញ ឃើញថា ក្មេងស្រីម្នាក់នេះ ពិតជាមានកម្លាំងឥទ្ធិពលយ៉ាងខ្លាំងក្លា ក្នុងការតាំងចិត្តរើបម្រាស់ពីគំនាបនៃសង្គម ហើយនាងតែងសួរខ្លួនឯងជានិច្ចថា តើយើងចង់បញ្ជាជីវិតខ្លួនទៅណា? ហើយនារីម្នាក់នេះ បានលើកឡើងថា បើយើងទៅលេងកោះដ៏ស្រស់ស្អាតនៅកណ្តាលសមុទ្រ ពិតណាស់យើងច្បាស់ជាអាចជួបនឹងព្យុះភ្លៀងនៅតាមផ្លូវ តែយើងនឹងអាចឆ្លងផុតវាទៅបាន ដរាបណាយើងមានគោលដៅច្បាស់លាស់ និង មានជំនឿជាក់លើខ្លួនឯង ។ ដូច្នេះវាអាស្រ័យលើខ្លួនយើងទេ ហើយក៏ជាសំណាងល្អមួយដែរ ចំពោះយុវតីម្នាក់នេះ ដែលមានឪពុកម្តាយយល់ពីសារសំខាន់នៃការរៀនសូត្រ​ ដែលជាកម្លាំងចិត្តដ៏សំខាន់ក្នុងការជម្រុញលើកទឹកចិត្តដល់គេ ។ នេះក៏ជាការបំបែកវដ្តអនក្ខរកម្ម មានន័យថាស្ត្រីពីមុនទន់ខ្សោយគ្មានសូម្បីភាពក្លាហានដែលហ៊ានសម្រេចជ្រើសរស់លើវិថីជីវិតដែលខ្លួនចង់បាន រស់តែតាមទំនាមពីបុរាណ រស់តែក្បែរចង្ក្រាន រស់ក្នុងជីវិតដែលគេកំណត់អោយ តែស្ត្រីម្នាក់នេះអាចជម្នះវាបានដោយជ្រើសដើរតាមក្តីស្រមៃរបស់ខ្លួន ។ នាងបានឆ្លងកាត់ឧបសគ្គជាច្រើន តាំងពីកុមារភាពរហូតអាចចាកឆ្ងាយផ្ទះសម្បែងបន្តថ្នាក់ថ្នាក់បរិញ្ញាបត្រ និងតស៊ូរហូតបានក្លាយជាស្ត្រីដ៏គម្រូមួយរូប ដែលបានជាប់អាហាររូបករណ៍ទៅសិក្សានៅក្រៅប្រទេស ហើយក្លាយខ្លួនជានាយកគ្រប់គ្រងនៅទីភ្នាក់ងារ ដំណើរទស្សនៈកិច្ចបែបផ្សងព្រេង និងជាអ្នកនិពន្ធ អ្នកសរសេរអត្ថបទសម្រាប់វេបសាយផ្នែកដំណើរកម្សាន្ត ហើយក៏ជាអ្នកបកប្រែ រួមទាំងជាអ្នកដឹកនាំក្រុមទេសចរណ៍ផងដែរ​។ ហើយនារីម្នាក់នោះ នារីដែលរឹងមាំឈ្មោះ ថុន ថាវរី ម្នាក់នោះ គឺជាម្ចាស់ស្នាដៃសៀវភៅ នារីប្រពៃ ដែលមនុស្សស្រីគ្រប់រូបមិនគួររំលង ។

 

សរសេរអត្ថបទដោយ : កូនក្មេង​

ត្រួតពិនិត្យ និង កែសម្រួលដោយ : Book5.biz

រូបភាព : នារីប្រពៃ

Leave a Reply

Your email address will not be published. Required fields are marked *