ប្រលោមលោក, ស្នេហារ៉ូមេនទិច, អត្ថបទខ្លីៗ

ផ្ញើបេះដូងនៅកំពតមួយរយៈ

បន្ទាប់ពីធ្វើដំណើរតាមរថយន្តក្រុង ក្នុងរយៈចម្ងាយ១៤៨គីឡូម៉ែត ដោយចំណាយពេលអស់ប្រមាណជិតពីរម៉ោង ខ្ញុំក៏បានមកដល់គោលដៅតាមការរំពឹងទុក ។ ថ្ងៃនេះ ទេសភាពធម្មជាតិ នៅអមសងខាងតាមដងផ្លូវរីកស្រស់ញញឹម ហាក់បីដូចទទួលរាក់ទាក់ស្វាគមន៍ដំណើររបស់ខ្ញុំ ។ មកដល់ចំណតចុះពីលើរថយន្តភ្លាម ខ្ញុំចោលភ្នែកប្រទះនឹងនារីក្រមុំរូបស្រស់ម្នាក់ សម្រស់របស់នាងស្អាតណាស់ ស្អាតដូចផ្កាកំពុងរីកក្រពុំក្នុងរបង ។ គ្រាន់តែបានយល់សម្រស់របស់នាង ខ្ញុំឈរសម្លឹងមើលស្ទើរដកភ្នែកមិនរួច ទាល់តែនាងអៀន អៀនរហូតមិនហ៊ានបែរមុខមករកខ្ញុំ ក្រៅតែពីដៀងកន្ទុយភ្នែកមើលមកខ្ញុំជំនួសនឹងសម្ដី ។

​ពនេចរស្កាត់រកស្នេហ៍ដូចខ្ញុំពិតជាមានភ័ព្វសំណាងមែន ព្រោះលើកទីមួយដែលមកកាន់ទឹកដីខេត្តកំពត ហើយជួបប្រទះនឹងកូនក្រមុំអ្នកភូមិភាគនិរតីនៃប្រទេសកម្ពុជា ។ ខ្ញុំមិនចង់ទៅណាឆ្ងាយពីរូបនាងសោះឡើយ ។ ខ្ញុំខំដើរជ្រៀតមនុស្សម្នាជាច្រើនដើម្បីបានទៅក្បែរៗនាង ។ ខ្ញុំឮមិត្តរបស់នាងហៅនាងថា “មាលតីៗ” ។ តាមពិតឈ្មោះរបស់នាងគឺមាលតី ប៉ាម៉ាក់របស់នាងពិតពូកែដាក់ឈ្មោះមែន ។ មាលតី រូបអូនស្រស់ណាស់ ស្រស់សមនឹងឈ្មោះតែម្ដង ។

តើបុរសកម្សត់ស្នេហ៍ដូចជារូបបងមានវាសនាបានអូនមកធ្វើជាគូទេ?

​មិននឹកស្មានថាកំពតលាក់ទុកផ្កាមួយទងស្រស់បស់យ៉ាងរស់រវើកបែបនេះសោះ ។ បើដឹងថាទឹកដីកំពតជាដែនជម្រកនៃផ្កាមាលតីមួយទងនេះ ម៉្លេះខ្ញុំខំស្វះស្វែងមកយូរហើយ​ ។ កាយវិការរបស់នាងធ្វើឱ្យខ្ញុំវង្វេងភ្លេចបាត់ស្មារតីមួយសន្ទុះ រហូតមិនដឹងនាងចេញពីកែវភ្នែកទាំងគូរបស់ខ្ញុំនៅពេលណា ?

​ខ្ញុំពិតជាមិនចង់ចាកចេញពីចំណតរថយន្តក្រុងបន្តដំណើរទៅមុខទៀតសោះ ។ ប៉ុន្តែភារកិច្ចខ្ញុំ និងក្រុមការងារត្រូវបន្តឆ្ពោះទៅផ្តិតយករូបភាពនៅកំពតឋានសួគ៌ ។ នៅលើរថយន្តអារម្មណ៍មិនស្ថិតនៅហ្នឹងខ្លួនបន្ដិចសោះ បេះដូងរបស់មាលតីបានឆក់យកបេះដូងរបស់ខ្ញុំតាមទៅជាមួយបាត់ហើយ ។

មាលតីអើយ !!! ប្រហែលទ្រូងបងចង្អៀតហើយបានជាបេះដូងបង ចេះតែលោតស្ទើរធ្លាយចេញមកខាងក្រៅ បើទ្រូងអូនទូលាយអាចដាក់បេះដូងមួយទៀតបាន បងសុំផ្ញើបេះដូងកម្សត់មួយនេះក្នុងទ្រូងអូនផង ។

​ឈ្មោះអូនដូចផ្កាបងបូជាព្រះ បងសប្បាយណាស់មិនចង់ឃ្លាតចេញពីអូនឡើយ ។ កំពតឋានសួគ៌អ្នកល្អយ៉ាងណាក៏មិនអាចប្រៀបស្មើនឹងមាលតីរបស់ខ្ញុំដែរ ។ ខណៈពេល ខ្ញុំកំពុងតែដើរផ្តិតយករូបភាពជាមួយក្រុមការងារ ស្រាប់តែឮសម្លេងស្រួយស្រេសហៅឈ្មោះមាលតីម្ដងទៀត សម្លេងនោះមិននៅឆ្ងាយពីខ្លួនខ្ញុំប៉ុន្មានទេ ។ នាងបានដើរមកប៉ះស្មាខ្ញុំពីក្រោយ ធ្វើឱ្យខ្ញុំភ្ញាក់ខ្លួនព្រើតដូចទើបដឹងខ្លួនពីយល់សប្តិ ។ នេះជាលើកទីពីរហើយដែលខ្ញុំបានគយគន់រូបសម្រស់របស់មាលតីកាន់តែច្បាស់ ។ បបូរមាត់អូនក្រហមស្រស់ណាស់ ច្រមុះសមនឹងចង្កា ភក្រ្តាសមនឹងដៃជើងស្រឡូនល្វតល្វន់ ។ ដំណើរអូនមើលពីក្រោយ សមអើយសែនសមដូចកូនទេវតាធ្លាក់មកពីឋានត្រៃត្រឹង្សសួគ៌ ។ ក្រោយពេលមាលតីសុំទោសរួចដើរចេញទៅ ខ្ញុំបានតាមលួចថតរូបនាងទាំងមិនដឹងខ្លួន ។

តើចៃដន្យអ្វីម៉្លេះទេ ?

​ដោយសារតែខ្ញុំមកកាន់ខេត្តកំពត ក្នុងនាមជាបេសកកម្មការងារ មិនមែនជាបេសកកម្មស្នេហ៍ កុំអីខ្ញុំនឹងនៅសម្រាកលំហែកាយនៅទីនេះ ដើម្បីបានតាមសុំស្នេហ៍មាលតីមិនឱ្យខកខាននោះឡើយ ។​ខ្ញុំមិនចង់នឹងឈានជើងឡើងលើរថយន្តត្រឡប់មកភ្នំពេញវិញសោះ ។ ចេញពីកំពតទាំងមិនអស់អាល័យ ខ្ញុំស្រមៃឃើញស្នាមញញឹមរបស់នាងនៅជាប់ក្នុងចិត្តជានិច្ច ។ អ្វីដែលនាងបន្សល់ទុកឱ្យខ្ញុំនោះ គឺរូបថតប្រមាណជាបីបួនសន្លឹក រួមនឹងបូចងសក់មួយពណ៌ផ្កាឈូកដែលនាងរបូតដៃជ្រុះពេលដើរមកប៉ះនឹងស្មារបស់ខ្ញុំ ។

​ឱ !!! កំពតអើយ ខ្ញុំសូមផ្ញើទុកមាលតីមួយទងនៅទីនេះហើយ សូមអ្នកថែរក្សាឱ្យបានល្អជំនួសខ្ញុំផង នៅពេលចប់ពីការងារដ៏មមាញឹកនៅទីក្រុងភ្នំពេញ ខ្ញុំនឹងវិលត្រឡប់មកកាន់ទីនេះវិញម្ដងទៀត ហើយចូលស្ដីដណ្ដឹងដល់មេបារបស់នាងមិនខាន ។

___________________________
អត្ថបទ : នឹម នីបូណា
រចនារូបភាព : May
រក្សាសិទ្ធ : #បណ្ណាគារOnline
ចូលអានអត្ថបទបន្ថែម : http://book5.biz/

Leave a Reply

Your email address will not be published. Required fields are marked *